ភ្នំពេញ៖ ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃក្រុមការងាររៀបចំសេចក្តីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
សូមជម្រាបថា ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិភាក្សា ពិនិត្យ រៀបចំខ្លឹមសារ បច្ចេកទេសនៃក្រុមការងាររៀបចំសេចក្តីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ជាមួយនិងក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ ក្រោមអធីបតីភាព លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី តំណាងអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន នាយកដ្ឋានពាក់ព័ន្ធនានា ចំណុះក្រសួងមហាផ្ទៃ និងតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ផងដែរ។
លោក ហ៊ុយ វណ្ណៈ បានលើកឡើងថា ការងាររៀបចំសេចក្តីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ត្រូវបានធ្វើឡើងជាជំហានបន្តបន្ទាប់ ហើយសម្រាប់កិច្ចប្រជុំនាព្រឹកនេះគឺធ្វើឡើងដើម្បីសិក្សាអំពីបច្ចុប្បន្នភាពនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងមហាផ្ទៃ។ លោក បានបន្តថា ការរៀបចំសេចក្តីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល គឺចាប់ផ្ដើមតាំងពីឆ្នាំ២០០៣ ប៉ុន្តែការសិក្សា និងរៀបចំអាចមានភាពយឺតយ៉ាវ ដោយសារមានបញ្ហាពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សជាដើម។
ជាងនេះទៀត លោករដ្ឋលេខាធិការ បានបញ្ជាក់ថា រដ្ឋាភិបាលឌីជីថលមានគោលដៅសំខាន់ គឺធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលមានការដឹកនាំប្រកបដោយអភិបាលកិច្ចល្អ សំដៅដល់ការជម្រុញសេវាកម្មក្នុងការធ្វើឲ្យមានយុត្តិធម៌សង្គម រួមចំណែកធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពរីកចម្រើន និងជួយកាត់បន្ថយគម្លាតសង្គម ពោលគឺប្រជាពលរដ្ឋអាចទទួលបានសេវាសាធារណៈកាន់តែល្អ និងមានប្រសិទ្ធភាពខ្ពស់ ថែមទាំងកាត់បន្ថយការចំណាយផ្សេងៗ និងសន្សំពេលវេលាបានច្រើនទៀតផង។ លោកបានបន្ថែមថា ការធ្វើរដ្ឋាភិបាលឌីជីថលត្រូវគិតពីចំណុចសំខាន់ពីរ គឺតំបន់អាទិភាព ដែលផ្ដោតសំខាន់លើតំបន់ដែលអាចប្រើប្រាស់ប្រព័ន្ធឌីជីថលបាន និងវិស័យអាទិភាព។
បន្ថែមពីនេះ លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់ឡើងវិញថា ចំពោះក្រសួងមហាផ្ទៃ បានផ្តោតសំខាន់លើគម្រោងជាអាទិភាពចំនួន៤ ដើម្បីឲ្យស្របទៅតាមតម្រូវការបច្ចុប្បន្នរបស់សង្គម ក្នុងនោះរួមមាន៖
ទី១ ការចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មប្រជាពលរដ្ឋ,
ទី២ ការងារចុះបញ្ចីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក,
ទី៣ ការងារគ្រប់គ្រងជនអន្តោប្រវេសន៍ និងទី៤ ការផ្តល់សេវារដ្ឋាបាលថ្នាក់ក្រោមជាតិ តាមការិយាល័យច្រកចេញចូលតែមួយ។
ឆ្លៀតក្នុងឱកាសនោះ លោក នាង ម៉ៅ អគ្គនាយករង នៃអគ្គនាយដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន តំណាងក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍ បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ក្នុងការចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ដើម្បីសាកសួរក្រសួងមហាផ្ទៃនូវសំណួរមួយចំនួនពាក់ព័ន្ធនឹងការងាររៀបចំសេចក្តីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថលនេះ។ លោក បានលើកឡើងថា រដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំរដ្ឋាភិបាលឌីជីថលនេះ ហើយក្រោយពីបានបង្កើតក្រុមការងារកន្លងមក ក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ បានរៀបចំឯកសារទស្សនទានទាក់ទងនឹងរដ្ឋាភិបាលឌីជីថល ដោយសហការជាមួយស្ថាប័ន ក្រុមការងារពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានគ្រឹះដើម្បីឲ្យមានការយល់ដឹងកាន់តែច្បាស់ និងដាក់ចេញនូវគោលគំនិតសំខាន់ៗសម្រាប់រៀបចំសេចក្ដីព្រាងក្របខណ្ឌនេះឡើង។
គួរជម្រាបជូនថា រដ្ឋាភិបាលឌីជីថល គឺជាការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងជួររាជរដ្ឋាភិបាលដើម្បីបង្កើនប្រសិទ្ធភាពការងារ ការគ្រប់គ្រង ការផ្តល់សេវាសាធារណៈ និងជំរុញការចូលរួមពីប្រជាពលរដ្ឋ៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា