រដ្ឋាភិបាលកូរ៉េខាងត្បូងបានស្នើដល់ ក្រុមគ្រូពេទ្យឈប់ធ្វើកូដកម្ម ហើយវិលត្រឡប់មកធ្វើការដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរាលដាលកូវីដ-១៩វិញ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលកូរ៉េខាងត្បូង លោក Park Neung-hoo បាននិយាយថា «រដ្ឋាភិបាលនឹងទប់ស្កាត់រាល់សកម្មភាពរួមដែលប៉ះពាល់ដល់សង្គម គំរាមកំហែងដល់អាយុជីវិតពលរដ្ឋ»។ លោក Park Neung-hoo បន្តទៀតថា បុគ្គលិកដែលបន្តធ្វើកូដកម្មមិនវិលត្រឡប់មកធ្វើការវិញអាចនឹងត្រូវបញ្ឈប់ពីការងារជារៀងរហូត ហើយដកហូតលិខិតស្នាម។ មិនតែប៉ុណ្ណោះអាចនឹងត្រូវជាប់គុក៣ឆ្នាំទៀតផង។
ក្រុមគ្រូពេទ្យនៅទីក្រុងសេអ៊ូលនិងតំបន់ផ្សេងៗទៀតទូទាំងប្រទេសបានមកចូលរួមមហាកូដកម្មរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ខែសីហានេះដើម្បីប្រឆាំងគម្រោងបង្កើនចំនួននិស្សិតពេទ្យក្នុងប្រទេសនេះ។
សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា ការធ្វើកូដកម្ម បង្ខំឲ្យមន្ទីរពេទ្យត្រូវតែកាត់បន្ថយម៉ោងធ្វើការ ចំណែកការវះកាត់ផ្សេងៗក៏ត្រូវផ្អាកផងដែរ។ មន្ទីរពេទ្យចំនួន២ពាន់កន្លែងប្រកាសថានឹងបិទទ្វារក្រោយសមាគមគ្រូពេទ្យពិភាក្សាជាមួយរដ្ឋាភិបាលមិនបានជោគជ័យ។
តាមគម្រោង រដ្ឋាភិបាលនឹងបង្កើនចំនួននិស្សិតពេទ្យបន្ថែម៤ពាន់នាក់ទៀតក្នុងរយៈពេល១០ឆ្នាំខាងមុខ ដើម្បីធានាថាមានគ្រូពេទ្យគ្រប់គ្រាន់ដើម្បីថែរក្សាសុខាភិបាលពេលមានហេតុការណ៍អាក្រក់កើតឡើងដូចជាការឆ្លងរាលដាលកូវីដ-១៩ជាដើម៕
ដោយ៖ធី រីណា