ជំហានចុងក្រោយបង្អស់ដើម្បីអាមេរិកបញ្ជូនស៊ូដង់ចេញពីបញ្ជីខ្មៅជាប្រទេសគាំទ្រភេរវកម្ម រដ្ឋាភិបាលអាមេរិកបានព្រមព្រៀងជាបឋមជាមួយរដ្ឋាភិបាលស៊ូដង់នូវប្រាក់សំណង៣៣៥លានដុល្លារ ដើម្បីអាមេរិកលុបប្រទេសនេះចេញពីបញ្ជីខ្មៅ។
តាមទស្សនាវដ្តីស្តីពីកិច្ចការបរទេសរបស់អាមេរិកបានលើកឡើងថា ដោយមានការព្រមព្រៀងពីរដ្ឋសភា និងព្រឹទ្ធសភា ក៏ដូចជាគ្រួសារជនរងគ្រោះក្នុងហេតុការណ៍វាយប្រហារគ្រាប់បែកនៅស្ថានទូតអាមេរិកក្នុងទីក្រុងNairobi Kenya និង Dar es Salaam ប្រទេស Tanzania នាឆ្នាំ១៩៩៨ ដោយពេលនោះប្រធានាធិបតី Omar al-Bashir រងការចោទប្រកាន់ថាជាប់ពាក់ព័ន្ធ។
តាមកិច្ចព្រមព្រៀងនោះស៊ូដង់ត្រូវសងសំណង១០លានដុល្លារដល់គ្រួសារអាមេរិកនីមួយៗ និង៨សែនដុល្លារដល់ជនបរទេសស្លាប់ក្នុងការវាយប្រហារដោយគ្រាប់បែកក្នុងទីក្រុង Nairobi និង Dares Salaam។ តំណាងគ្រួសារជនរងគ្រោះ៨០នាក់ បានចុះហត្ថលេខាយល់ព្រមនឹងសំណងខាងលើ ដើម្បីជាការផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។
ការព្រមព្រៀងខាងលើ អាមេរិកនឹងលុបស៊ូដង់ចេញពីបញ្ជីខ្មៅ ជាប្រទេសគាំទ្រភេរវកម្ម និងជាការបើកទ្វារប្រទេសនេះជាមួយសហគមន៍អន្តរជាតិ ។ ការផ្តល់ជំនួយ ការវិនិយោគបរទេសនឹងកើតមានឡើងក្រោយលុបប្រទេសស៊ូដង់ចេញពីបញ្ជីខ្មៅ។
ការព្រមព្រៀងខាងលើគឺជាជោគជ័យយ៉ាងធំធេងរបស់រដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី Sudan Abdullah Hamdok ។ ការដាក់ទណ្ឌកម្ម របស់អាមេរិកបានធ្វើឲ្យសេដ្ឋកិច្ចស៊ូដង់ត្រូវខាតបង់រាប់រយពាន់លានដុល្លារ៕ដោយ៖ធី រីណា