ខេត្តកំពង់ឆ្នាំង ៖ សពស្រ្តីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកមកទើរនឹងដើមកំប្លោកតាមដងទន្លេ ខណៈដែលប្រជាពលរដ្ឋជិះទូកម៉ាសុីនធ្វើដំណើរឆ្លងកាត់តាមដងទន្លេ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងជិត១២ថ្ងៃទី២៧ ខែសីហាឆ្នាំ២០២០ ក្នុងភូមិកំពង់បារស្រូវ ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា សពស្រ្តីដែលអណ្តែតទឹកមកទើរនឹងដើមកំប្លោកក្នុងភូមិសាស្រ្តនេះ គឺមានសភាពហើមទៅហើយ មានអាយុប្រហែល៣០ឆ្នាំ ស្លៀកខោខូវប៊យពណ៌ទឹកប៊ិច ពាក់អាវយឺតខាងក្នុងពណ៌ស និងអាវខាងក្រៅដៃវែងពណ៌ខៀវ ។ សាកសពស្ត្រីខាងលើនេះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ។
សាកសពស្ត្រីខាងលើនេះ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលឃុំជលសារស្រង់យកមកដាក់នៅលើគោក រង់ចាំស្វែងរកសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី។
តាមរយៈអ្នកសារព័ត៌មានសមត្ថកិច្ចសូមអំពាវនាវដល់ក្រុមគ្រួសារដែលបានបាត់សមាជិកគ្រួសារ សូមអញ្ជើញមកទាក់ទងនគរបាលប៉ុស្តិ៍ឃុំជលសារ ស្រុកជលគិរី ៕ ដោយ៖ ចន្ថា