ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត! បុរស​អូស្រ្តាលីដែល​សម្លាប់​មនុស្ស​៥១​នាក់​ កាលពី​ឆ្នាំមុននោះ​ ត្រូវតុលាការ​នូ​វែ​ល​ហ្សេឡង់​ដាក់ទោស​មួយជីវិត​គ្មាន​ការលើកលែង

ចែករំលែក៖

អន្តរជាតិ៖ នេះជាលើកដំបូងបង្អស់ដែលតុលាការនូវែ​ហ្សេឡង់កាលពីថ្ងៃព្រហស្បតិ៍ទី២៧ ខែសីហានេះ បានសម្រេចផ្តន្ទាទោសបុរសជនជាតិអូស្ត្រាលី Brenton Tarrant ឲ្យជាប់ពន្ធនាគារមួយជីវិត ដោយគ្មានការលើកលែងទោសចំពោះការបាញ់ប្រហារសម្លាប់នុស្ស៥១នាក់ ក្នុងវិហារ​អ៊ិស្លាមចំនួនពីរនៅទីក្រុង Christchurch កាលពីឆ្នាំ២០១៩

សូមជម្រាបថា ជនដៃដល់ Brenton Tarrant បានទទួលស្គាល់កំហុសចំពោះបទល្មើសឃាតកម្ម៥១ករណី ប៉ុនប៉ងសម្លាប់៤០ករណី និងភេរវកម្មលើការវាយប្រហារវិហារ​អ៊ិស្លាម នៅពេលប្រព្រឹត្តបទល្មើសជនដៃដល់Tarrant ថែមទាំងបានផ្សាយផ្ទាល់តាមរៈបណ្តាញសង្គមFacebook​ថែមទៀតផង

លោក Cameron Mander ចៅក្រមតុលាការកំពូលនូវែលហ្សេឡង់ បានលើកឡើងថា៖ «​បទល្មើសរបស់អ្នកគឺអាក្រក់ខ្លាំង ដែលការឃុំខ្លួនអ្នករហូតដល់ស្លាប់ ក៏មិនទាន់អស់ទោស និងការនិន្ទាឡើយ​»​លោកចៅក្រមនៅពេលចេញសេចក្តីសម្រេចផ្តន្ទាទោស Tarrant បានបន្តថា ការដាក់ទោសពន្ធនាគាមួយជីវិតមិនគ្រប់គ្រាន់ឡើយ បើតាមដែលខ្ញុំអាចវែកញែកបាន អ្នកគ្មានសេចក្តីសណ្តោសចំពោះជនរងគ្រោះឡើយ

បើតាមទីភ្នាក់ងារព័ត៌មាន AFP ជនដៃដល់ Tarrant ក៏មិនជំទាស់ទៅនឹងការដាក់ទោសនេះឡើយព្រោះជាក់ស្តែងក្នុងសវនាការដែលចាប់ផ្តើមពីថ្ងៃទី២៤ សីហា រដ្ឋអាជ្ញាបានប្រាប់តុលាការថា Tarrant ចង់បង្កើតការភ័យខ្លាចចំពោះមនុស្សដែលរូបគេចាត់ថាជាអ្នកឈ្លានពានដូចជាជនមូស្លីម និងជនអន្តោប្រវេសន៍មិនមែនជាជាតិសាសន៍អឺរ៉ុបជាដើម រដ្ឋអាជ្ញានូវែ​ហ្សេឡង់បន្តថា Tarrant បានរៀបចំផែនការយ៉ាងប្រុងប្រយ័ត្នក្នុងការសម្លាប់រង្គាលឲ្យបានច្រើនបំផុត

សូមជម្រាបថា ក្នុងសវនាការ រយៈពេលថ្ងៃនេះ តុលាការបានស្តាប់សក្ខីកម្មរបស់សាក្សីច្រើនជាង៩០រូប ដែលរៀបរាប់ពីហេតុការណ៍ដ៏ភ័យរន្ធត់ស្តីពីការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រប្រទេសនូវែ​ហ្សេឡង់ សវនាការនេះពុំអនុញ្ញាតឲ្យផ្សាយផ្ទាល់ជាសាធារណៈឡើយ ចំណែកឯការផ្សព្វផ្សាយតាមរយៈសារព័ត៌មានក៏មានការរឹតត្បិតដែរ ដើម្បីជៀសវាងជនដៃដល់ Tarrant ក្នុងការប្រើប្រាស់សវនាកា ជាវេទិកាផ្សព្វផ្សាយមនោគមន៍វិជ្ជាជ្រុលនិយម និងការស្អប់ខ្ពើមពូជសាសន៍

គួររម្លឹកផងដែរថា Tarrant ជាជនជាតិអូស្ត្រាលី មានអាយុ២៩ ឆ្នាំ បានមករស់នៅនូវែ​ហ្សេឡង់ក្នុងឆ្នាំ២០១៧ បុគ្គលរូបនេះ បានទិញកាំភ្លើង និងគ្រាប់កាំភ្លើងជាង៧០០០ បង់ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ បុគ្គលខាងលើ បានបើកបាញ់ប្រហារ ដោយផ្សាយផ្ទាល់ក្នុងបណ្តាញសង្គម នៅក្នុងវិហារ Masjid Al Noor និង Linwood Masjid មុននឹងបន្តទៅវិហារទីប៉ុន្តែត្រូវឃាត់ខ្លួនបានដោយប៉ូលិស

គួរបញ្ជាក់ថា មុននឹងធ្វើការវាយប្រហារនោះ ជនដៃដល់បានផ្ញើសេចក្តីប្រកាសកម្រាស់ ៧៤ទំព័រចូលគេហទំព័រជ្រុលនិយមមួយ ដែលរៀបរាប់ពីអ្វីដែលនឹងកើតឡើង និងផ្ញើសារអេឡិចត្រូនិប្រាប់សារព័ត៌មានពីការគំរាមវាយប្រហារវិហារសាសនា​អ៊ិស្លាមផងដែរដោយ៖សតារា


ចែករំលែក៖