មកដល់ពេលនេះកូនខ្មែរមួយចំនួនធំនៅមិនទាន់បានស្គាល់ពីជីវប្រវត្តិនិងស្នាព្រះហស្តដ៏មហាអស្ចារ្យរបស់មហាវិរក្សត្រខ្មែរក្នុងសម័យអង្គរគឺព្រះបាទជ័យវរ្ម័នទី៧នៅឡើយ។
ដើម្បីស្វែងយល់ប្រវត្តិសាស្រ្តដ៏យូរលង់មកនេះ យើងសូមលើកយកនូវព្រះជីវប្រវត្តិព្រះបាទជ័យវរ្ម័នទី៧ តាមការស្រាវជ្រាវ
របស់អ្នកប្រវត្តិសាស្រ្តមួុយចំនួនដោយក្តីសង្ខេបខ្លះៗដូចតទៅ។
តាមការចងក្រងនិពន្ធ តាក់តែងឡើងជាកំណាព្យកាព្យឃ្លោង ដោយព្រះអគ្គមហេសី របស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងឥន្ទ្រទេវី ធ្វើឲ្យគេស្គាល់បានមួយភាគធំនូវព្រះរាជវង្សរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយសារមានចារិកនៅលើសិលា នៅប្រាសាទជ្រុង ក្នុងរង្វង់នគរធំ សិលាចារិកនៅប្រាសាទបន្ទាយឆ្មារ ក្នុងខេត្តបាត់ដំបង សិលាចារិកនៅប្រាសាទបាយ័ន នៅប្រាសាទតាព្រហ្ម និងជាពិសេសដោយសារសិលាចារិកនៅប្រាសាទភិមានអាកាស ។
បើតាមការសិក្សាស្រាវជ្រាវរបស់លោក ស្ន័រស្នសឺដែស ថា ព្រះបាទជ័យវរ្ម័នទី៧ អាចប្រសូត្រ យ៉ាងយូរណាស់ក្នុងគ.ស ១១២៥ ក្នុងសតវត្សទី១២។ ព្រះមាតាព្រះអង្គ ព្រះនាមជ័យរាជចូឌាមណី។ ព្រះបិតាព្រះអង្ហ្គព្រះនាម ធរនិន្ទ្រវរ្ម័នទី ២ ដែលសោយរាជ្យបន្ទាប់ពីព្រះបាទ សុរិយាវរ្ម័នទី ២។ ព្រះអង្គត្រូវជាចៅមីងរបស់ ព្រះបាទជ័យវរ្ម័នទី ៦ និងត្រូវជាក្មួយ ព្រះបាទសុរិយាវរ្ម័នទី ២ ។ ដូច្នេះគេឃើញថា តាមរយៈមាតាព្រះអង្គ ជាប់ចុះមកពីព្រះរាជវង្សព្រះមហាក្សត្រខ្មែរជំនាន់មុនមហានគរ (ឬមុនអង្គរ ឬក្នុងសម័យនគរហ្វូណន-ចេនឡា) ។បើតាមសែស្រឡាយព្រះរាជវង្សបិតាព្រះអង្គចុះមក ពីព្រះសន្នគិវង្សមហិធរបុរៈ ។
យុវភាព តាមរយៈសិលាចារិកដដែលយើងបានដឹងថា កាលបិតាព្រះអង្គព្រះ ធរនិន្ទ្រវរ្ម័នទី ២ នៅសោយរាជ្យជាព្រះមហាក្សត្រ កម្ពុជា ព្រះបាទជ័យវរ្ម័នទី ៧ បាន ទទួលតំណែងជាមេទ័ពធំកំពូលដឹកនាំកងពលសេនាខ្មែរ ទៅធ្វើសង្គ្រាម តទល់នឹងនគរចម្ប៉ា ដែលកាលនោះព្រះអង្គមានព្រះជន្មបាន ២៥ ព្រះវស្សា ។
តែបើតាមសិលាចារិក គេអាចស្មានថា កាលនោះព្រះអង្គមាន មហេសីរួចស្រេចទៅហើយ ។ ព្រះនាមរបស់ព្រះនាងគឺជ័យរាជាទេវី ។ ជាមួយនឹងព្រះនាងប្រហែលជាក្នុងគ.ស ១១៤៥ ព្រះអង្គ បានមានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាមស្រីឥន្ទ្រកុមារ ។ ព្រះបាទជ័យវរ្ម័នទី ៧ ព្រះអង្គត្រូវ បែកព្រាត់ប្រាស់ពីព្រះមហេសី ព្រះរាជបុត្រ ដោយក្តីវិយោគអួលណែន ចុកចាប់រៀងរាល់ថ្ងៃពុំដែលមានល្ហែល្ហើយឡើយ។
ទុក្ខសោក សង្រេងឈឺខ្លោចផ្សារីងរៃ ដោយការព្រាត់ប្រាស់នេះ ត្រូវបានព្រះនាងឥន្ទ្រទេវី ជាបងស្រីបង្កើត របស់មហេសីព្រះអង្គ សរសេរចារវេញចងជាភួងកំណាព្យ លើផ្ទាំងសិលាប្រាសាទភិមានអាកាស ។ ព្រះនាងឥន្ទ្រទេវីបានរៀបរាបអធិប្បាយថា “ព្រះមហេសី ព្រះបាទជ័យវរ្ម័នទី ៧ ព្រះនាងជ័យរាជាទេវី ប្រៀបបានទៅជាព្រះនាងសិតា ដែលកំពុងតែព្រាត់ពីស្វាមី គឺ ព្រះរាម។ ព្រះរាមគឺព្រះបាទជ័យវរ្ម័ន ទី ៧។
ឯស្តេចចាមប្រៀបបានទៅនឹងក្រុងរាពណ៍។ នៅពេលដែលព្រះស្វាមីយាងចេញទៅធ្វើសង្គ្រាមនឹងខ្មាំង ព្រះនាង ជ័យរាជាទេវីបានចូលកាន់សីល កាន់ត្រណម គោរពទៅតាម ក្បួនខ្នាតប្រពៃណីមិនហ៊ានធ្វេសប្រហែសសោះឡើយ ។ ព្រះនាងតែងតែខំសិក្សាស្វាធ្យាយធម៌ បួងសួងបន់ស្រន់ សុំឲ្យព្រះស្វាមីបានជួបតែសេចក្តីសុខ និងជ័យជំនះ ឈ្នះលើសសត្រូវ ។ ព្រះនាងមានរូបរាងកាយស្គាំងស្គម ហើយមិនយកចិត្តទុកដាក់នឹងសក់ព្រះនាងឡើយ ។ កាលណាបើនឹកឃើញទៅដល់ព្រះស្វាមីម្តងៗ ព្រះនាង តែងតែឈឺចុកចាប់ពើតក្នុងទ្រូង ។ តែការឈឺចុកចាប់ នេះ បានធ្វើឲ្យព្រះនាងសប្បាយរំសាយទុក្ខទៅវិញ ។ ព្រះនាងជ័យរាជាទេវីនៅស្មោះត្រង់រង់ចាំ ការវិលត្រឡប់របស់ព្រះជ័យវរ្ម័នជានិច្ច ។
ជីវិតតស៊ូ ព្យាយាម រង់ចាំ នៅគ.ស ១១៦០ ព្រះបាទជ័យវរ្ម័នទី ៧ កំពុង តែធ្វើចម្បាំងប្រយុទ្ធជាមួយកងទ័ពនគរចម្ប៉ានៅមុខក្រុមពិជ័យ។ គ្រានោះព្រះអង្គបានទទួលដំណឹងថាព្រះបិតាព្រះអង្គ ចូលទីវង្គត់ ហើយព្រះបាទយសោវរ្ម័នទី ២ បាន ឡើងសោយរាជ្យជំនួស ។នៅចំពោះមុខស្ថានការណ៍ផ្លាស់ប្តូរនេះ ព្រះអង្គពុំបានផ្លាស់ប្តូរចិត្តគំនិត អ្វីទាំងអស់ ។ ព្រះអង្គនៅតែបន្តធ្វើសង្គ្រាមវាយប្រហារ នគរចាម ហើយគោរពស្មោះស្ម័គ្របម្រើព្រះមហាក្សត្រថ្មី ដោយគ្មានវៀចវេរ ។ នៅពេលដែលព្រះអង្គទទួលដំណឹងថា នៅព្រះរាជធានីមានមន្ត្រីក្បត់ ចង់ធ្វើឃាតព្រះមហាក្សត្រ ព្រះអង្គបានធ្វើដំណើរយាងចូលមកនគរវិញ ដើម្បីជួយការពារជ្រោមជ្រែង ព្រះរាជា ។ តែព្រះអង្គមកដល់យឺតពេល ហើយសោកនាដកម្ម បានកន្លងហួសផុតរួចជាស្រេចបាត់ទៅហើយ ។
ព្រះបាទ យសោវរ្ម័នទី ២ ត្រូវគេធ្វើឃាត ហើយព្រះរាជបុត្រព្រះអង្គ ព្រះស្រីឥន្ទ្រកុមារ ក៏ប្រហែលជាអស់សង្ខារ ក្នុងសម័យជាមួយគ្នានោះដែរ ។ ក្នុង គ.ស ១១៦៥ បើតាមសិលាចារិកប្រាសាទបន្ទាយឆ្មារ ស្តេចថ្មីព្រះបាទត្រីភុវ័នអាទិត្យ បានរៀបចំធ្វើ ១ពិធីព្រះរាជាភិសេក ហើយប្រកាសតាំងខ្លួនជាព្រះមហាក្សត្រ នគរកម្ពុជា។ កាលនោះព្រះបាទជ័យវរ្ម័នទី ៧ ព្រះអង្គ មិនបានកេណ្ឌទ័ពចេញទៅធ្វើសង្គ្រាមតាំងរាំងជល់នឹង ស្តេចជ្រែករាជ្យ ដើម្បីដណ្តើមយករាជបល្ល័ង្គមកវិញទេ ។
ព្រះអង្គនឹងនៅស្ងៀមមិនបណ្តែតបណ្តោយចិត្ត គំនិតអារម្មណ៍ឲ្យផ្លាស់ប្តូរហក់លោត ទៅ តាមមនោសញ្ចោតនា ភ្លើងកំហឹង ការប្រមាថឆេវឆាវ និងការលោភ លន់ខ្វះពិចារណាឡើយ។ ព្រះអង្គបានសមំ្ងរស់នៅ ប្រាសាទព្រះខ័ន្ធ ក្នុងខេត្តកំពង់ស្វាយ យកពេលស្មឹងស្មាធ ត្រិះរិះស្រាវជ្រាវសិក្សាពិចារណា ផ្លូវចម្រើនរង់ចាំឱកាសល្អដើម្បីដាក់ខ្លួនចូលបម្រើជាតិ ។ លទ្ធផលនៃការតស៊ូ របស់ព្រះបាទជ័យវរ្ម័នទី ៧ ព្រះអង្គរង់ចាំអស់ រយៈពេល ១៧ ឆ្នាំ គ.ស ១១៦០-១១៧៧ ទើបឱកាសល្អបានមកដល់។ ព្រឹត្តិការណ៍ពេលនោះនគរចម្ប៉ាវាយប្រហារចូលលុកប្រទេសកម្ពុជា និងការអស់ព្រះជន្មរបស់ព្រះមហាក្សត្រជ្រែករាជ្យ បានរុញច្រានជំរុញឲ្យព្រះអង្គចេញមុខបង្កបង្កើតចលនា តស៊ូរំដោះជាតិ។
ព្រះអង្គដឹកនាំការតស៊ូប្រឆាំង នឹងអាណានិគមចម្ប៉ា អស់រយៈពេល ៤ ឆ្នាំ ទើបបានទទួលលទ្ធផលល្អ។ នៅគ.ស ១១៨១ ដែលព្រះអង្គបានរំដោះជាតិមាតុភូមិ ពីកណ្តាប់ដៃចាម ព្រះអង្គបានប្រកាសជាព្រះមហាក្សត្រ នគរកម្ពុជា ហើយទទួលព្រះរាជាភិសេកក្នុងឆ្នាំ ដដែល ។ កាលនោះ តាមការប៉ាន់ស្មានព្រះបាទ ជ័យវរ្ម័នទី ៧ បានព្រះជន្មប្រហែលជាជាង ៥០ វស្សា ។ ចំណែកខាងព្រះអគ្គមហេសីជ័យរាជាទេវីវិញ ដើម្បីជាការអប់អរ អរគុណដល់គុណបុណ្យបារមីព្រះរតនត្រៃ ដែល បានជួយព្រះនាងតាមការបន់ស្រន់បួងសួង ព្រះរាជាទេពី បានធ្វើបុណ្យចែកទានអំណោយគ្រប់បែបយ៉ាងដល់វត្ត អារាម និងប្រជានុរាស្រ្ត ។ ក្រោយដែលព្រះអគ្គមហេសី ជ័យរាជាទេវីចូលទីវង្គត ព្រះនាងឥន្ទ្រទេវី ជាបងត្រូវបានព្រះបាទជ័យវរ្ម័នទី ៧ បានអភិសេកតែងតាំងជាព្រះអគ្គមហេសី។
ព្រះនាងជាស្ត្រីម្នាក់ដែលមានវិជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញាភ្លឺថ្លាមោះមុតឈ្លាសវៃ ពូកែល្បីល្បាញខាងវិជ្ជា អក្សរសាស្ត្រ មានធម៌មេត្តាសន្តោស ហើយគោរពបូជា ព្រះពុទ្ធសាសនា។ ព្រះនាងជ័យរាជាទេវី និងព្រះនាងឥន្ទ្រទេវី ដែលជាមហេសីរបស់ព្រះបាទជ័យវរ្ម័នទី ៧ សុទ្ធតែធ្លាប់ជួយផ្តល់យោបល់តូចធំ ដល់ព្រះស្វាមីតាមព្រះពុទ្ធឱវាទ ។ ព្រះបាទជ័យវរ្ម័នទី ៧ ព្រះមហាក្សត្រខ្មែរ ព្រះអង្គគោរពបូជា និងមានជំនឿទៅលើព្រះពុទ្ធសាសនាផ្នែក មហាយាន ។ ព្រះរាជបុត្រសុទ្ធតែមានជំនឿ ជឿ និងធ្វើសក្ការៈបូជាថ្វាយចំពោះព្រះពុទ្ធសាសនា ។ បុត្រព្រះអង្គព្រះនាមតមលិន្ទ បានបួសជាសង្ឃ ហើយទៅបន្តការសិក្សានៅកោះសេរីលង្កា ។ បុត្រមួយទៀត ព្រះអង្គវីរកុមារ ដែលបាននិពន្ធចារអត្ថបទមួយយ៉ាងល្អ វែកញែកអធិប្បាយពីព្រះពុទ្ធសាសនាលើផ្ទាំងថ្ម នៅ ប្រាសាទព្រះខ័ន ។ ប្រវត្តិខ្លះថាព្រះអង្គមានព្រះរាជបុត្រ៤ព្រះអអង្គ។
ក្រោយពេលរំដោះក្រុងអង្គរពីចាមបានក្នុងឆ្នាំ ១១៨១ ព្រះអង្គបានកសាងរាជធានីអង្គរទី៤ត្រង់ប្រាសាទបាយ័នព្រះអង្គជាស្តេចខ្លាំងពូកែវាយចាមរំដោះក្រុងអង្គរ និងវាយត្រួតត្រាប្រទេសចម្ប៉ា។ ព្រះអង្គកសាងប្រាសាទជាច្រើនដូចជា ប្រាសាទបាយ័ន ប្រាសាទបន្ទាយឆ្មារ សាលាដំណាក់១២១ មន្ទីពេទ្យ១០២ ស្ពាន ថ្នល់ ប្រាសាទបន្ទាយក្តី ប្រាសាទតាព្រហ្ម ប្រាសាទតាព្រហ្ម ទន្លេបាទី ប្រាសាទនាគព័ន្ធ តាសោម ក្រោលគោ សាងបញ្ចាប់ ប្រាសាទអង្គរវត្ត បង្កើតសាកលវិទ្យាល័យជាច្រើនអភិវឌ្ឍន៍ប្រទេសជាតិពង្រីកទឹកដីនិងផ្សព្វផ្សាយព្រហ្មវិហារធម៌ដល់ប្រជារាស្ត្រ។
កិត្យានុភាពព្រះបាទជ័យវរ្ម័នទី ៧ ដោយសារការតស៊ូព្យាយាម ព្រះអង្គបានទទួលជោគជ័យដែលគេអាចចាត់ទុកថាជាជោគជ័យ ផ្ទាល់ខ្លួន ។ តែព្រះអង្គបានយកជោគជ័យ នេះ ឥទ្ធិពលអំណាច ការចេះដឹង ការពិសោធន៍ និងប្រាជ្ញា ភ្លឺថ្លាឈ្លាសវៃរបស់ព្រះអង្គ មកកសាង ប្រទេសជាតិ ផ្តល់នូវសេចក្តីសុខក្សេមក្សាន្ត សន្តិភាព ចម្រើនលូតលាស់ដល់ប្រជានុរាស្ត្រដោយគ្មាន រើសអើងវណ្ណៈ ។
ការកសាងរបស់ព្រះអង្គមិនមែនតែប្រាង្គប្រាសាទធំស្កឹមស្កៃ ទេ ព្រះអង្គបានកសាងទំនុកបម្រុងសាសនា ក៏ដូចជាក្នុង ផ្នែកសង្គមជាតិដែរ។ ក្នុងរជ្ជកាលព្រះអង្គ នគរចម្ប៉ាបានក្លាយ ទៅជាខេត្តខ័ណ្ឌខ្មែរ ទឹកដីខ្មែរក៏បាន លាតសន្ធឹងធំវែងឆាយ ជាមហាអំណាចមួយយ៉ាងធំដែរ នៅក្នុងអាស៊ីអាគ្នេយ៍។ ចក្រភពខ្មែរក្នុងរាជ្យព្រះបាទ ជ័យវរ្ម័នទី ៧ មានកម្ពុជាចម្ប៉ា បច្ចុប្បន្ន លាវ សៀម និងទឹកដីមួយភាគធំនៃប្រទេសភូមានិងម៉ាឡេស៊ី ។
តាមឯកសារបានបញ្ជាក់ថាព្រះបាទជ័យវរ្ម័ន ទី ៧ បានចូលទីវង្គតនៅក្នុងគ.ស ១២០២ ហើយព្រះកិត្តិនាមរបស់ព្រះអង្គនៅគង់វង្សដល់សព្វថ្ងៃដោយចាត់ទុកជាព្រះមហាក្សត្រខ្លាំងពូកែជាងគេ។ ឯឯកសារខ្លះបញ្ជាក់ថាព្រះបាទ ជ័យវរ្ម័នទី៧ (ប្រសូតនៅ. គ.ស ១១២៥-១២១៩) រជ្ជកាលគ្រងរាជ (គ.ស ១១៨១-១២១៨) ក្នុងអាណាចក្រចក្រភពកម្ពុជាឬ ចក្រភពខ្មែរ ៕
(សម្រង់តាមឯកសារ)