ព័ត៌មានទាន់ហេតុការណ៍៖

អតីតអ្នកចាត់ការទូទៅក្លិប Boca Juniors លោក Alfaro ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិអេក្វាឌ័រ

ចែករំលែក៖

សហព័ន្ធកីឡាបាល់ទាត់នៅប្រទេសអាមេរិកខាងត្បូងគឺអេក្វាទ័របានប្រកាសកាលពីម្សិលមិញថា អតីតគ្រូបង្វឹកក្រុម Boca Juniors លោក Gustavo Alfaro ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសប្រទេសអេក្វាឌ័រ។

បុរសសញ្ជាតិអាហ្សង់ទីនវ័យ៥៨ឆ្នាំរូបនេះបានជំនួសតំណែងលោក Jordi Cruyff ដែលបានលាឈប់ជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអេក្វាទ័រកាលពីខែកក្កដា បន្ទាប់ពីគាត់ដឹកនាំបានតែ៦ខែប៉ុណ្ណោះ និងមិនបានដឹកនាំក្រុមជម្រើសជាតិអេក្វាទ័រក្នុងការប្រកួតផ្លូវការណាមួយឡើយ

លោក Gustavo Alfaro បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា វាជាមោទនភាព និងមានក្តរីករាយដែលខ្ញុំទទួលយកការតែងតាំងដ៏សំខាន់នេះ ខ្ញុំតែងតែមានមហិច្ឆិតាខ្ពស់ក្នុងការគ្រប់គ្រងក្រុមជម្រើសជាតិ ហើយអេក្វាឌ័រគឺជាក្រុមមួយដែលខ្ញុំបានសង្កេតយ៉ាងស៊ីជម្រៅអស់រយៈពេលជាយូរមកហើយ” ។

ប្រធានសហព័ន្ធបាល់ទាត់ប្រទេសអេក្វាទ័រលោក Francisco Egas បាននិយាយថា យើងបានមើលបេក្ខជនជាច្រើន ប៉ុន្តែយើងចង់ឲ្យដំណើរការជ្រើសរើសមានការទទួលខុសត្រូវដោយគ្មានការរំពឹងទុកនៅក្នុងការផ្សព្វផ្សាយតាមសារព័ត៌មាន។ យើងបានបញ្ចប់ការចរចា ហើយឯកសារចាំបាច់ទាំងអស់ត្រូវបានចុះហត្ថលេខារួចរាល់ហើយ

សូមបញ្ជាក់ថា លោក Gustavo Alfaro បានឈប់ពីការងារជាអ្នកចាត់ការទូទៅក្លិប Boca Juniors កាលពីខែធ្នូ។ អាជីពជាអ្នកចាត់ការរបស់គាត់មានរយៈពេលជិតទសវត្សមកហើយ ដោយធ្លាប់ដឹកនាំក្លិបចំនួន១២ផ្សេងគ្នានៅក្នុងក្លិបនៃលីគកំពូលរបស់ប្រទេសអាហ្សង់ទីន។

មុនពេលលោក Gustavo Alfaro មកដឹកនាំជាផ្លូវការ ក៏មានប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអេក្វាឌ័រមួយចំនួន បានចុះផ្សាយថា សហព័ន្ធបាល់ទាត់អេក្វាទ័រធ្លាប់ពិចារណាចង់បានបេក្ខជនជាច្រើនដូចជា លោកGuillermo Almada និង Pablo Repetto សញ្ជាតិអ៊ុយរ៉ាហ្គាយ, លោក Alex Aguinaga សញ្ជាតិអេក្វាទ័រ, លោក Hector Cuper, លោកMatias Almeyda និងលោក Jorge Celico សម្រាប់តួនាទីដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអេក្វាទ័រនេះផងដែរ

ការប្រកួតដំបូងរបស់លោក Alfaro ក្នុងនាមជាគ្រូបង្វឹកក្រុមអេក្វាទ័រគឺនឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងខែតុលាខាងមុខ ដែលជាការប្រកួតជម្រុះបើកឆាកជម្រុះសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតា ៕ដោយ៖ភារៈ

 


ចែករំលែក៖