យោងតាមសេចក្តីរាយការណ៍នៅក្នុងបណ្តាញសារព័ត៌មានអង់គ្លេសបានឲ្យដឹងថា កីឡាកររបស់ក្រុមតោខៀវ Chelsea មួយចំនួនមិនបានវិលត្រឡប់ទៅហ្វឹកហាត់មុនបើករដូវកាលទេ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។
របាយការណ៍មិនបានបង្ហាញឈ្មោះកីឡាករទេ ហើយក្លិប Chelsea មិនបានឆ្លើយតបភ្លាមៗចំពោះការស្នើសុំរបស់សារព័ត៌មានក្នុងស្រុកដើម្បីសុំការអត្ថាធិប្បាយនោះដែរ។ កីឡាករដែលធ្វើតេស្តវិជ្ជមានទាំងនោះត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ហើយត្រូវបានធ្វើតេស្តម្តងទៀតមុនពេលពួកគេអាចចូលរួមហ្វឹកហាត់។
កាសែត The Times បានឲ្យដឹងថា ក្រុម Sheffield United, Brighton និង West Ham United ស្ថិតក្នុងចំណោមក្លិបក្នុងក្របខ័ណ្ឌ Premier League ដទៃទៀតដែលបានរាយការណ៍អំពីករណីវិជ្ជមាននៃជំងឺរាតត្បាតកូវីដ-១៩ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗកន្លងទៅនេះ។
ក្រុមរបស់លោក Frank Lampard ដែលបានបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ៤ កាលពីរដូវកាលមុននឹងចាប់ផ្តើមប្រកួតជាមួយក្រុម Brighton នៅថ្ងៃទី១៤ ខែកញ្ញាខាងមុខ សម្រាប់រដូវកាលថ្មី ២០២០-២០២១ ៕ដោយ៖ភារៈ