ភ្នំពេញ ៖ ប្រភេទកូនឈើធ្នង់ដែលមានទំហំប៉ុនកំភួនជើងប្រមាណជិត២០០០ដើម ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងដាំនៅតាមបណ្ដោយផ្លូវលេខ២១៧ ចាប់ពីរង្វង់មូលកួរស្រូវរហូតដល់ផ្លូវជើងឯក ក្នុងខណ្ឌដង្កោ នៅសប្តាហ៍ក្រោយ ដើមខែកញ្ញាឆ្នាំ២០២០នេះហើយ ដើម្បីធ្វើឲ្យរាជធានីភ្នំពេញជាទីក្រុងដែលមានពណ៌បៃតងនិងបរិស្ថានល្អប្រសើរ ហើយការងារនេះត្រូវបានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រេចឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញជាអ្នកដាំដោយសហការជាមួយមន្ទីរកសិកម្មរាជធានីនិងអាជ្ញាធរមូលដ្ឋានផងដែរ។
នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេង ក្នុងកិច្ចប្រជុំមួយជាមួយអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ សីហា ឆ្នាំ២០២០នេះ៕ដោយ៖ សសម