ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីនៅខ្ទមចាំចម្ការទំនាស់ពាក្យសំដី អ្នកឈ្នះជាប់គុក អ្នកចាញ់ស្លាប់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងថ្លុកឈាម នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៨ខែសីហាឆ្នាំ២០២០ សង្ស័យជាអំពើមនុស្សឃាត ត្រង់ចណុចអូរកងរ៉ក់ ស្ថិតនៅខាងលិចឈាងខាងត្បូងចម្ងាយ៤.០០០ម៉ែត្រ ពីភូមិថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា៖ ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ ឈ្មោះ ឈី ភេទប្រុសអាយុ៥១ឆ្នាំ មានទីលំនៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ចំណែកជនសង្ស័យនៅក្នុងអំពើឃាតកម្មនេះមានឈ្មោះភី ចម ភេទប្រុស អាយុ៤៨ឆ្នាំ ទីលំនៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដូចគ្នា។

ជនសង្ស័យនិងជនរងគ្រោះ ទាំង០២នាក់ ជាអ្នកស៊ីឈ្នួលដេកចាំចម្ការដំឡូងមី នៅចំណុចកើតហេតុអូរកងរ៉ក់ ក្នុងឃុំស្វាយចេក ឲ្យឈ្មោះ សុខ ចាន់វុទ្ធ ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិសូរិយា.សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកអធិការស្រុកស្វាយចេកបានបញ្ជាក់ថា៖នៅយប់ថ្ងៃកើតហេតុ ជនរងគ្រោះនិងជនសង្ស័យ បានផឹកស្រាថ្នាំជាមួយគ្នា នៅនឹងខ្ទមចម្ការ ពេលស្រវឹងរៀងៗខ្លួន ក៏មានទាស់ពាក្យសំដី ឈានដល់កើតមានអំពើហិង្សា ឈ្មោះ ភី ចម បានទាញយកចបកាប់ជំរះស្មៅ វាយទៅលើ ឈ្មោះ ឈី ពេលនោះជនរងគ្រោះបានរត់គេចមកក្រៅខ្ទមហើយដួល ជនសង្ស័យបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះត្រូវក្បាលជាច្រើនកន្លែង បណ្តាលឲ្យដេកស្លាប់នៅក្នុងថ្លុកឈាម ។
ក្រោយពីធ្វើសកម្មភាពរួចហើយជនសង្ស័យក៏មិនបានរត់គេចខ្លួនដែរគឺ នៅដេកនឹងខ្ទម លុះព្រឹកឡើង មានប្រជាពលរដ្ឋ ទៅចម្ការក្បែរនោះប្រទះឃើញសពដេកស្លាប់ក៏រាយការណ៍មកសមត្ថកិច្ច ចុះទៅពិនិត្យហើយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន ស្រុកស្វាយចេក បានធ្វើការឃាត់ឈ្មោះ ភី ចម ដើម្បីសួរនាំ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យមិនបានសារភាពពីទង្វើរបស់ខ្លួនជាអ្នកប្រព្រឹត្តនោះទេ តែខោជាប់ខ្លួនជនសង្ស័យមានប្រឡាក់ឈាម។

បច្ចុប្បន្នជនសង្ស័យកងរាជអាវុធហត្ថមូលដ្ឋានស្រុកស្វាយចេក កំពុងកសាងសំណុំរឿង បញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖វណ្ណា


ចែករំលែក៖