ប្រទេសជប៉ុន៖ក្រោយការប្រកាសលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីរបស់លោក អាបេ បញ្ហាដែលចាប់អារម្មណ៍បំផុតនាពេលនេះគឺអ្នកណាជាអ្នកជំនួសតំណែងដឹកនាំជប៉ុនបន្ត?
មុននេះបន្តិចលោកអាបេបានប្រកាសលាលែងចេញពីតំណែងដោយសារតែបញ្ហាសុខភាព។ នៅពេលនេះ គណបក្សប្រជាធិបតេយ្យសេរីកាន់អំណាច នឹងរៀបចំបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី។ ព័ត៌មានពាក់ព័ន្ធនឹងបុគ្គលដែលត្រូវជំនួសតំណែងនាយករដ្ឋមន្ត្រី ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ។
បច្ចុប្បន្ន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Taro Aso អាយុ៧៩ឆ្នាំ ជាសមាជិកសំខាន់នៅក្នុងគណបក្ស កាន់អំណាច LDP ជាជម្រើសសំខាន់ក្នុងតំណែងនាយករដ្ឋមន្ត្រី។ សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០០៨ លោកតារូ អាស៊ូ ទទួលបានការតែងតាំងធ្វើជាប្រធានគណបក្ស LDP ហើយក្លាយជានាយករដ្ឋមន្ត្រី។ ប៉ុន្តែមួយឆ្នាំក្រោយមក លោកក៏បានលាលែងចេញពីតំណែងក្រោយការបរាជ័យក្នុងការបោះឆ្នោតសភាជប៉ុន។
ក្រៅពីលោក តារូ អាស៊ូ នៅមានបេក្ខភាពគឺលោក Shigeru Ishiba រដ្ឋមន្ត្រីការពារជាតិ និង លោក Fumio Kishida អតីតរដ្ឋមន្ត្រីការបរទេស ក៏មានគោលបំណងចង់ក្លាយជានាយករដ្ឋមន្ត្រីដឹកនាំជប៉ុនផងដែរ។ ជាមួយគ្នានេះ លោកស្រីSeiko Noda អាយុ៥៩ឆ្នាំ ក៏បានបង្ហាញពីឆន្ទៈរបស់ខ្លួនក្លាយជាស្ត្រីនាយករដ្ឋមន្ត្រីដំបូងបង្អស់របស់ជប៉ុនផងដែរ៕ដោយ៖ធី រីណា