ភ្នំពេញ៖ បុរសម្នាក់រួមដំណើរដោយនារីវ័យក្នេងស្រស់ស្អាតចំនួន៤នាក់ទៀតបានបើករថយន្តកាមរីមួយគ្រឿងចេញពីរាជធានីភ្នំពេញបំណងទៅលេងរមណីយដ្ឋានសមុទ្ររាមក្រុងព្រះសីហនុបានជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវដោយបានបុកម៉ូតូប៉ើងជិត១០០ម៉ែត្របណ្តាលឱ្យបុរសម្នាក់បោកផ្ទប់នឹងកញ្ចក់រថយន្តបាក់ជើងបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបំផុត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង១២ និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែសីហាឆ្នាំ ២០២០ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ទុំ វាសនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងម៉ាសុីនត្រជាក់ ស្នាក់នៅម្ដុំសឡា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្រុកកំណើតនៅផ្លូវលេខ៥១ ជិតផ្សារក្រាំងចេក ក្នុងខេត្តកំពង់ស្ពឺ។
តាមការរៀបរាប់ពីនារីម្នាក់ដែលរួមដំណើរនៅក្នុងរថយន្តបានប្រាប់ឲ្យដឹងថា មុនកើតហេតុពួកគេមានគ្នា៥នាក់ ស្រី៤ប្រុស១ ដោយជិះរថយន្តមួយគ្រឿងម៉ាកកាមរីពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BF-1415 ចេញពីទីក្រុងភ្នំពេញបំណងទៅលេងរមណីយដ្ឋានសមុទ្ររាមក្រុងព្រះសីហនុ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបុរសជាតៃកុងបានបើករថយន្តវ៉ារថយន្តកុងតឺន័រមួយគ្រឿងទៀតក៏បានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកzoomer-x ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ1FU-5205ជិះដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នាពីលិចទៅកើតពេញទំហឹងបណ្ដាលប៉ើងម៉ូតូជិត១០០ម៉ែត្រ ចំណែកជនរងគ្រោះបោកផ្ទប់នឹងកញ្ចក់រថយន្តផ្នែកខាងមុខនិងខាងក្រោយធ្លាក់មកបោកនឹងថ្នល់បន្តទៀតបាក់ជើងបាក់ដៃបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗយ៉ាងអាណោចអាធ័ម។ភ្លាមៗនោះប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននាំគ្នាឃាត់តៃកុងរថយន្តរួចប្រគល់ជូនសមត្ថកិច្ចនាំខ្លួនយកមកប៉ុស្តិ៍ ទុកប្រគល់ជូនជំនាញ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុខា សែនជ័យ