ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នខណៈពេលមកដល់ផ្លូវបំបែកជាបួន ក៏បានបុករថយន្តមួយគ្រឿងដែលកំពុងបត់ស្តាំ បណ្តាលឱ្យបុរស២នាក់ជិះម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៤៥នាទីរសៀលថ្ងៃទី ៣០ ខែសីហាឆ្នាំ២០២០ ស្ថិតតាមបណ្ដោយ មហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចស្តុបវត្តនាគវ័ន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរស 2 នាក់ជិះម៉ូតូម៉ាកsuzuki let’s មួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1AH-3841 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទៅដៅ ពីជើងទៅត្បូង ក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្នខណៈពេលមកដល់ចំណុចផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកព្រូសពាក់ស្លាកលេខ ភ្នំពេញ2AX-7107 បើកបរដោយបុរសម្នាក់ធ្វើដំណើតាមបណ្តោយ មហាវិថី សហព័ន្ធរុស្សី ទិសដៅពីកើតទៅលិចដែលបម្រុងបត់ស្ដាំឡើងទៅផ្លូវបេតុង តែម៉ូតូមកលឿនពេកបណ្ដាលឲ្យបុករថយន្តពីចំហៀងពេញទំហឹងបណ្ដាលឲ្យបុរសជិៈម៉ូតូទាំងពីររងរបួសធ្ងន់ធ្ងរទាំងពីរត្រូវបានបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗតែម្ដង ចំណែកម៉ូតូរងការខូចខាតស្ទើរទាំងស្រុងហើយ រថយន្តវិញរងការខូចខាតទ្វារទាំងពីរចំហៀងខាងស្ដាំកំពិតចូលក្នុងនិងបែកកញ្ចក់។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានរួមកម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចទីតាំងនិងធ្វើការវាស់វែងយកម៉ូតូនិងរថយន្តដើម្បីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយនៅពេលក្រោយ៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖