ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ លោក អាត ចន្ឌ័ដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ២នាក់ដែលធ្វើសកម្មភាពបន្លំខ្លួនជាសង្ឃដើរបិណ្ឌបាត ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “ស្លៀកដណ្តប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ និងឆបោក ” តាមមាត្រា៣៧៧ និង៣៧៨ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង១០និង៣០នាទី នៅចំណុចភូមិ សៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនត្រូវចោទទី១-ឈ្មោះ ហុន សៀវប៉ាវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ នៅភូមិព្រៃរំដួលខាងលិច ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ត កំពង់ស្ពឺ និងទី២-ឈ្មោះ វង្ស ដារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិ ស្រីជា ឃុំល្បេីក ស្រុកឈូក ខេត្តកំពត។
នគរបាលស្រុកកណ្តាលស្ទឹងបានឱ្យដឹងថា នៅថ្ងៃខែឆ្នាំកេីតហេតុខាងលេីវេលាម៉ោង៧និង០០នាទី ជនសង្ស័យ៥នាក់មានឈ្មោះ ឡុង ជាអ្នកបេីករថ
យន្ត ឈ្មោះ ខ្លា ឈ្មោះ សៅ ឈ្មោះ វង្ស ដារ៉ា និង ឈ្មោះ ហុន សៀកប៉ាវ បានជិះរថយន្ត១គ្រឿងម៉ាកកាមរីហេីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 2L-5453 ចេញពីផ្ទះសំណាក់មួយកន្លែងមិនស្គាល់យីហោក្នុងរាជធានីភ្នំពេញ សំដៅមកដល់រង្វង់មូលកួរស្រូវ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឈប់រថយន្តនៅជិតនោះ ហេីយឈ្មោះឡុង ក៏បានចែកស្បង់ចីពរ ថង់យាម ឆាយាគណៈមហានិកាយម្នាក់មួយ សំបុត្របុណ្យជាច្រើនសន្លឹក រួចជនសង្ស័យឈ្មោះ ហុន សៀកប៉ាវ និងឈ្មោះ វង្ស ដារ៉ា បានចុះដេីរចែកសំបុត្របុណ្យ និងរៃអង្គាសប្រាក់នៅតាមដងផ្លូវជាតិលេខ២ មកទិសខាងត្បូង ពេលដេីរមកដល់ចំណុចកេីតហេតុខាងលេីបានជួបជាមួយព្រះចៅអធិការវត្តវិហារកំបោរ។ ដោយមានការសង្ស័យព្រះចៅអធិការបានសួរនាំ ហេីយបាននាំជនសង្ស័យទាំង២នាក់ខាងលេី ទៅប្រគល់ជូនព្រះចៅអធិការវត្តវិហារបិទមាស ដែលជាព្រះអនុគុណស្រុកកណ្ដាលស្ទឹងសួរនាំបន្ត។ ដោយពិនិត្យឃេីញថា ជនសង្ស័យទាំង២ ជាព្រះសង្ឃក្លែងក្លាយនោះព្រះគ្រូអនុគណបានដោះស្បង់ជីពរចេញ ហើយប្រគល់ជូនសមត្ថកិច្ចស្រុកកណ្តាលស្ទឹង និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីបន្តចាត់ការតាមនីតិវិធី ៕ដោយ៖ ឆ ដា