ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ពីបទលួចម៉ូតូ

ចែករំលែក៖

ខេត្តក្រចេះ៖  ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូអាជីវករនៅមុខផ្ទះជួលមួយកន្លែងហើយរត់គេចសំងំលាក់ខ្លួន។

ការឃាត់ខ្លួនជនសង្ស័យនេះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៤៖៣០នាទីថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២០​នៅត្រង់ចំណុចក្រោយហាងលក់បាយមួយកន្លែងស្ថិតនៅក្នុងភូមិបន្ទាយ​ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។

  ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ដៀង វ៉ាន់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅភូមិថ្មី ឃុំ​ពង្រ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំងបានមកស្នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ។

​ ប្រភពបន្តថា ជនសង្ស័យធ្វើសកម្មភាពនៅវេលាម៉ោង៥ភ្លឺថ្ងៃទី៣០ ខែសីហានេះខណៈដែលជនរងគ្រោះឈ្មោះ ហួត ដាភេទប្រុសបានទុកម៉ូតូឱ្យប្រពន្ធនៅមុខបន្ទប់ផ្ទះជួលក្នុងភូមិសង្កាត់ខាងលើដើម្បីជិះទៅលក់អីវ៉ាន់នៅផ្សារក្រចេះ។

ប្រភពបន្តទៀតថា ជនរងគ្រោះបានទុកម៉ូតូមិនដកកូនសោទេ ហើយ​គាត់ក៏បានជិះម៉ូតូសណ្ដោងរ៉ឺម៉កទៅកន្លែងធ្វើការបាត់ រហូតដល់​ម៉ោង៧ព្រឹកទើបប្រពន្ធ​គាត់ចេញមក​យក​ម៉ូតូ ស្រាប់តែអត់ឃើញទើប​ដឹងថាបាត់ ។

រីឯជនសង្ស័យបន្ទាប់ពីធ្វើសកម្មភាពរួចក៏ព្យាយាម​រត់គេច​ពី​សមត្ថកិច្ចទៅសម្ងំលាក់ខ្លួននៅចំណុចរមណីយដ្ឋានថ្មបាំង ស្ថិតក្នុងភូមិបន្ទាយ​ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះក៏ត្រូវឃាត់ខ្លួនបានតែម្តង។

តាមការសាកសួរបានឱ្យដឹងថា ជនល្មើសបានប្រព្រឹត្តចោរកម្មចំនួន៤លើកហើយបានសម្រេចទាំង៤លើក។ 

ចំពោះម៉ូតូដែលជនសង្ស័យលួចយកបានម៉ាក់ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ក្រចេះ ១E-៥២៧២ ចំពោះម៉ូតូដែលជនល្មើសជិះធ្វើសកម្មភាពម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៩ពាក់ស្លាកលេខកំពត ១Q -០៧៦៩ ។

ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា ខ្លួនមានបក្ខពួកម្នាក់ទៀតឈ្មោះតឿ ភេទស្រី អាយុជាង៣០ឆ្នាំតែត្រូវបានរត់គេចខ្លួនបាត់ហើយ។

ជនសង្ស័យនិង​វត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ន នៅ​ស្នងការដ្ឋាន នគរបាលខេត្តធ្វើកំណត់ហេតុបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាម​នីតិវិធី​ច្បាប់​៕ដោយ៖ ជីវ័ន្ត 


ចែករំលែក៖