ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រឈប់ចតលើផ្លូវមិនដាក់សញ្ញាសម្គាល់ម៉ូតូមកពីក្រោយបុកស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តស្វាយរៀង៖បុរសជាកម្មករសំណង់ម្នាក់បានស្លាប់ភ្លាមៗខណៈដែលជនរងគ្រោះជិះម៉ូតូបុករថយន្តកុងតឺន័រដែលឈប់ចតលើផ្លូវខ្វះការប្រុងប្រយ័ត្ន( មិនដាក់ភ្លើងសញ្ញាអាសន្ន​ និង សញ្ញាត្រីកោណ ) ពីក្រោយយ៉ាងពេញទំហឹងលាន់ដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រលប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣៥នាទីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ស្ថិតនៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៩និង១៣០ ក្នុងភូមិថ្មី សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះវ៉ា សារិត  អាយុ ៤០ឆ្នាំ មុខរបរ កម្មករ​សំណង់ រស់នៅភូមិថ្មី សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ​១២៥ ពណ៌ខ្មៅ​ ពាក់ស្លាកលេខស្វាយរៀង ១A- ៣៧៣៤បានខូចខាតទាំងស្រុង។

ចំណែកអ្នកបើកបររថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ព្រោះក្រោយពីមានហេតុការណ៍កើតឡើងបែបនេះបានរត់គេចខ្លួនបាត់បន្សល់តែរថយន្ដកុងតឺន័រមួយគ្រឿងម៉ាក DEWOO ពណ៌ ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣F-០២៧២ សឺមីរុឺម៉កពាក់ស្លាកលេខ ភ្នំពេញ ៤A- ៧៥៧៤នៅនឹងកន្លែង។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្ដកុងតឺន័រមួយគ្រឿងម៉ាក DEWOOបានឈប់ចតលើផ្លូវក្នុងទិសដៅពីកើតទៅលិចខ្វះការប្រុងប្រយ័ត្ន ( មិនដាក់ភ្លើងសញ្ញាអាសន្ន​ និងសញ្ញាត្រីកោណ) ខណៈនោះស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាសេ​១២៥ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ស្វាយរៀង ១A-៣៧៣៤ស្របគ្នាមកបុកពីក្រោយរថយន្តពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងវាស់វែងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយនាពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖