ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ជើងខ្លាំងដ៏ទំនើងកូនឧកញ៉ា ញឹក ផន ហៅតាកៅ ថៅកែជីករណ្តៅដី ដែលដកកាំភ្លើងAK គំរាមប្រជាពលរដ្ឋ ចូលខ្លួនសារភាពហើយ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនទំនើងឈ្មោះ ញឹក ផល រហស្សនាម០៩ ដែលត្រូវបានគេដឹងថា ជាកូនបង្កើតរបស់ឧកញ៉ា ញឹក ផន ថៅកែជីករណ្ដៅដីដ៏ល្បីនៅតំបន់កប់ស្រូវ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មើលទៅសឹងឃើញក្បាលប្រេត ដែលបានដកកាំភ្លើងគំរាម ប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃទី៣១  ខែសីហា ឆ្នាំ ២០២០ នៅភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនោះ បានចូលខ្លួនសារភាពហើយ នៅវេលាម៉ោង២ រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។ បន្ទាប់ពីព្រលប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ដេញតាមប្រមាញ់ចាប់ឃាត់ខ្លួន ហើយជនទំនើងរូបនោះ ព្យាយាមរត់គេចខ្លួនចូលក្នុងចម្ការអំពៅ ស្ថិតក្នុងការឡោមព័ទ្ធរបស់សមត្ថកិច្ច។

ប្រភពពីមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដឹងថា៖ ជនទំនើងដែលជាកូន ឧកញ៉ា ញឹក ផន បន្ទាប់ពីមានជម្លោះពាក្យសម្ដីជាមួយប្រជាពលរដ្ឋដែលធ្វើដំណើរជិះម៉ូតូតាមផ្លូវ នឹងឈានដល់ប្រើពាក្យសម្ដីគំរាមសំឡុត ដកកាំភ្លើងAK47 ចេញពីរថយន្តសំញ៉ែងដាក់ជនរងគ្រោះ ភ្លាមនោះក៏បានឡើងរថយន្តគេចខ្លួន ចូលក្នុងចំការអំពៅ នៅក្នុងខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីក្រុមជនបង្ក ដឹងថាសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានប្រមាញ់តាមចាប់ឃាត់ខ្លួន។

សមត្ថកិច្ចបន្តថា ៖ រហូតដល់ម៉ោង១២និង០០នាទី ជនទំនើងរូបនេះ បានគេចខ្លួនចេញពីចំការអំពៅខេត្តកំពង់ឆ្នាំង បន្តដំណើរមកកាន់ខេត្តកំពង់ស្ពឺ។ ប៉ុន្តែរហូតដល់ម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ក៏បានចូលខ្លួនសារភាព។ បច្ចុប្បន្នជនដ៏ទំនើងកំពុងស្ថិតនៅក្នុងការសាកសួររបស់សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង។ ដោយឡែកជនរងគ្រោះតាមដំណឹងបឋម សមត្ថកិច្ចនិងហៅមកឲ្យចូលខ្លួនបំភ្លឺក្នុងដំណើររឿងដែលបានកើតឡើងកាលពីម្សិលមុិញនោះ។

សូមជម្រាបថា ៖ សកម្មភាព និងទង្វើរបស់កូន ឧកញ៉ា ញឹក ផន ជាថៅកែជីករណ្ដៅដីដ៏ធំជាងគេនៅរាជធានីភ្នំពេញ ត្រូវបានគេបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម  Facebook និងប្រព័ន្ធផ្សព្វផ្សាយព្រោងព្រាត បង្ហាញ និងបញ្ចេញជាទស្សនៈរិះគន់ ថាជាជនទំនើងដែលគ្មានសីលធម៌ គ្មានយល់ពីប្រទេសដែលគ្រប់គ្រងដោយច្បាប់។ ជាបុគ្គលដែលមានទឹកលុយ អំណាច ប្រព្រឹត្តនូវអំពើដែលសង្គមស្អប់ខ្ពើមបំផុត ។ ក្នុងនោះប្រជាពលរដ្ឋ មន្ត្រីរាជការ ក៏ដូចជាសមត្ថកិច្ចដែលជាអ្នកគោរពច្បាប់ សូមឱ្យសមត្ថកិច្ចធ្វើកិច្ចការនេះដើម្បីបញ្ជូនខ្លួនជនបង្ក និងគូរកនទៅតុលាការតាមនីតិវិធី។

សូមបញ្ជាក់ថា តើអំណាចរបស់ឪពុកជាឧកញ៉ា ថៅកែជីករណ្ដៅដីស្ទើរឃើញក្បាលប្រេត នៅរាជធានីភ្នំពេញ អាចយកទឹកលុយ អន្តរាគមន៍ដោះកូនទំនើងបានទេ បើទង្វើរបស់គេធ្វើអោយល្បីពេញផ្ទៃប្រទេសទៅហើយនោះ..? ៕

ដោយ៖ចេស្តា


ចែករំលែក៖