អន្តរជាតិ៖ ព្យុះកំណាចទីហ្វុង ម៉ៃសាក់ (Maysak) បានវាយប្រហារលើខេត្តអូគីណាវ៉ា ស្ថិតនៅភាគខាងត្បូងនៃប្រទេសជប៉ុន បណ្ដាលឲ្យមនុស្សយ៉ាងហោច ០៤នាក់រងរបួសនៅក្នុងប្រទេស ។ មិនតែប៉ុណ្ណោះយុះទីហ្វុងMaysak ក៏បានបង្ខំឱ្យជើងហោះហើរច្រើនជាង ២៤០ជើងទាំងទៅនិងមកខេត្តអូគីណាវ៉ា ត្រូវលុបចោលផងដែរ ហើយផ្ទះយ៉ាងហោច ៣០,០០០ខ្នងគ្មានអគ្គិសនីប្រើប្រាស់ ជាបណ្ដោះអាសន្ន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០១ខែកញ្ញា ឆ្នាំ២០២០។
បើតាមទូរទស្សន៍ជប៉ុន NHK បានចេញផ្សាយថា៖ ព្យុះទីហ្វុង Maysak បច្ចុប្បន្នកំពុងធ្វើដំណើរទៅភាគពាយ័ព្យប្រទេស ជាមួយល្បឿនខ្យល់បក់៤៥ម៉ែត្រក្នុង១វិនាទី ហើយអាចឡើងដល់ ៦៥ម៉ែត្រក្នុង១វិនាទីផងដែរ។ដោយព្យុះមួយនេះត្រូវបានគេរំពឹងថា នឹងចុះថមថយកម្លាំងនៅថ្ងៃពុធស្អែកនេះ និងអាចបក់បោកទៅកាន់ប្រទេសកូរ៉េខាងត្បូងជាលើកទី ២។
ទាក់ទិននឹងបញ្ហានេះដែរអាជ្ញាធរជប៉ុន ក៏បានអំពាវនាវឱ្យប្រជាជនរបស់ខ្លួនមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចំពោះកម្លាំងខ្យល់បក់យ៉ាងសន្ធប់, គ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី នៅតាមតំបន់ទំនាប និងជាប់ទន្លេឬសមុទ្រ៕ដោយ៖ស តារា