ព័ត៌មានទាន់ហេតុការណ៍៖

មេញ្ជាការកងពលធំអន្តរាគមន៍លេខ២ ពង្រឹងការងារដឹកនាំបញ្ជា ការបែងចែកភារកិច្ចត្រៀមប្រយុទ្ធ និងភារកិច្ចដ៏ចាំបាច់មួយចំនួនទៀតរបស់វរសេនាតូច២៤១

ចែករំលែក៖

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានលើកឡើងនូវគន្លឹះជំនួយស្មារតី លើខ្លឹមសារសំខាន់ៗជាច្រើនក្នុងទិសដៅ ពង្រឹងការងារដឹកនាំបញ្ជា ការបែងចែកភារកិច្ចត្រៀមប្រយុទ្ធ និងភារកិច្ចដ៏ចាំបាច់មួយចំនួនទៀត ដើម្បីធានាអនុវត្តបទបញ្ជា និងការចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះមហន្តរាយផ្សេងៗប្រកបដោយប្រសិទ្ធិភាព។ ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក មេបញ្ជាការកងពលក៏បានជំរុញលើការងារ ហ្វឹកហ្វឺនរៀនសូត្រ, ការងារអប់រំចិត្តសាស្រ្ត, និងការងារធានារបស់ទ័ព ដែលបានស្នើឱ្យបង្កើនផលិតផលកសិកម្ម មានជាការដាំដុះ និងចិញ្ចឹមសត្វជាដើម។

មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានលើកឡើងបែបនេះ ក្នុងដំណើរចុះសួរសុខទុក្ខ និងត្រួតពិនិត្យលើកាងារដឹកនាំបញ្ជា និងបែងចែកភារកិច្ច ត្រៀមប្រយុទ្ធរបស់វរសេនាតូច២៤១ កងពលតូចអន្តរាគមន៍លេខ៤ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។

បន្ថែមលើការងារពង្រឹងភារកិច្ចស្នូល ឧត្តមសេនីយ៍ឯក កែវ ធី ក៏បានដាក់បទបញ្ជាដាច់ខាតដល់យោធិនក្នុងអង្គភាពទាំងអស់ ត្រូវតែជៀសវៀងអោយឆ្ងាយពីគ្រឿងញៀន ទោះបីនៅក្នុងកម្រិតណាក៏ដោយ។ ក្នុងនោះផងដែរ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានក្រើនរំលឹកដល់យោធិនឱ្យចេះថែទាំសុខភាព ពិសេសការរក្សាអនាម័យជាប់ជាប្រចាំ ដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

គួរបញ្ជាក់ឡើងវិញថា ក្នុងដំណើរចុះសួរសុខទុក្ខ និងត្រួតពិនិត្យលើការងារដឹកនាំបញ្ជា និងបែងចែកភារកិច្ច ត្រៀមប្រយុទ្ធរបស់វរសេនាតូច២៤១ នាឱកាសនោះ ប្រតិភូមេបញ្ជាការកងពល បានពិនិត្យដោយផ្ទាល់ អំពីសមត្ថភាពនៃការបង្ហាញក្បាច់គុនកងយោធពលខេមរភូមិន្ទ និងបន្តត្រួតពិនិត្យសកម្មភាពការងារ និងការរស់នៅរបស់ទ័ព តាមបណ្តាកងអនុសេនាធំចំណុះផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖