ព័ត៌មានទាន់ហេតុការណ៍៖

ពិធីសម្ពោធកម្មវិធី Smart 1000 វីដេអូជំនួយការបង្រៀន-រៀនថ្នាក់ទី១២

ចែករំលែក៖

ភ្នំពេញ ៖ យុទ្ធនាការផលិតវីដេអូសម្រាប់សិស្សថ្នាក់ទី ១២ នឹងចាប់ផ្ដើមដាក់ឲ្យប្រើប្រាស់ក្រោមកិច្ចសហការត្រីភាគី រវាងក្រសួងអប់រំ យុវជន និងកីឡា វិទ្យាស្ថានបើកទូលាយ និងក្រុមហ៊ុន Smart Axiata បានប្រកាសពីការចាប់ផ្ដើមផ្សព្វផ្សាយវីដេអូមេរៀនអនឡាញពីកម្មវិធី “Smart 1000 Grade 12 Video Collection“ ដោយទទួលបានការគាំទ្រពីមូលនិធិទឹកប្រាក់ ១ លានដុល្លារបស់ក្រុមហ៊ុន Smart Axiata ដើម្បីប្រឆាំងជំងឺកូវីដ១៩ ដោយបានរៀបចំស្ទូឌីយោចំនួនពីរដែលមានបំពាក់បរិក្ខារពេញលេញ សម្រាប់ផលិតវីដេអូចំនួន១០០០វីដេអូ ដែលមានចំនួន៩មុខវិជ្ជា សម្រាប់សិស្សថ្នាក់ទី ១២ ដើម្បីជួយឲ្យពួកគេអាចបន្តការសិក្សាពីចម្ងាយសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាឆ្នាំសិក្សានេះ ស្របពេលមានការបិទទ្វារសាលារៀនទូទាំងប្រទេសដោយសារតែមេរោគរាតត្បាតកូវីដ១៩ នឹងជាធនធានដ៏សំខាន់សម្រាប់សិស្សថ្នាក់ទី ១២ នាពេលអនាគត ដែលត្រូវដាក់ផ្សព្វផ្សាយលើគេហទំព័រមជ្ឈមណ្ឌលធនធានអប់រំឌីជីថល គេហទំព័រការសិក្សាពីចម្ងាយ ក៏ដូចជាបណ្ដាញសង្គមហ្វ៊េសប៊ុកផ្លូវការ បណ្ដាញសង្គមវីដេអូ យូធូរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជានៅលើប៉ុស្តិ៍ទូរទស្សន៍កម្ពុជា ២ ( ប៉ុស្តិ៍អប់រំ TVK 2) ផងដែរ។

ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata និងលោក Javier Sola នាយកប្រតិបត្តិវិទ្យាស្ថានបើកទូលាយ ដោយមានការចូលរួមដោយលោកស្រី លោកថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ នាយដ្ឋានជំនាញ និងមន្ដ្រីបច្ចេកទេសជាច្រើនរូបផងដែរ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នាអគាររដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា។

ថ្លែងក្នុងឱកាសនេះ លោកបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីបានមានប្រសាសន៍ថ្លែងអំណរគុណក្រុមហ៊ុន Smart Axiata និងវិទ្យាស្ថានបើកទូលាយ ដែលបានគ្រាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការជំរុញប្រព័ន្ធអប់រំរបស់កម្ពុជា តាមរយៈបច្ចេកវិទ្យាឌីជីថល ។ដោយគម្រោងនាពេលនេះផ្ដោតលើសិស្សថ្នាក់ទី ១២ ពីព្រោះសិស្សដែលកំពុងរៀនឆ្នាំចុងក្រោយសម្រាប់មធ្យមសិក្សា ចាំបាច់ត្រូវត្រៀមលក្ខណៈសម្រាប់ការប្រឡងបញ្ចប់ ហើយបន្តចូលទៅរៀននៅសកលវិទ្យាល័យ។ ជាមួយគ្នានេះផងដែរ ការចូលរួមរបស់លោកគ្រូអ្នកគ្រូ និងក្រុមការងារដែលឧស្សាហ៍ព្យាយាម ក្នុងការផលិតវីដេអូទាំងអស់នេះ ដែលជាធនធានដ៏សំខាន់សម្រាប់សិស្សានុសិស្សទាំងនាពេលនេះផង ក៏ដូចជាក្រោយពេលជំងឺរាតត្បាតកន្លងផុតផងដែរ ៕

ដោយ៖ សិលា


ចែករំលែក៖