ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ជនសង្ស័យ២នាក់ករណីជួញដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១ខែកញ្ញាឆ្នាំ២០២០នៅចំណុចបរិវេណវត្តសាមគ្គីមន្នីរតន៍ ស្ថិតក្នុងភូមិគោកល្វៀង  សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត  ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះយុំា ចិត្រា អាយុ  ១៧ឆ្នាំ  ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ  មានទីលំនៅភូមិគោកល្វៀង  សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត និងឈ្មោះប្រាក់ កក្កដា  ហៅហួត  មុខរបរជាងផ្សារដែកស្ថិតក្នុងភូមិកំពោជ្រូក  សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត។

ប្រភពបន្តថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គញ់បានចុះបង្រ្កាបមុខសញ្ញាជួញដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ឈ្មោះ យុំា ចិត្រា  និងដកហូតវត្ថុតាងរួមមាន  ម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀនមេតំហ្វេតាមីន ចំនួន៤កញ្ចប់ ។

ប្រភពបន្តទៀតថា ក្រោយមកតាមចម្លើយរបស់ជនសង្ស័យឈ្មោះឈ្មោះយុំា ចិត្រា ឆ្លើយថាវត្ថុតាងខាងលើខ្លួនទិញពីឈ្មោះ  ប្រាក់ កក្កដា  ហៅហួត ទើបនៅវេលាម៉ោង១៦និង៥០នាទីរសៀលកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងបាវិត  សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គញ់  បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ  ប្រាក់ កក្កដា  ចាប់ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀនមេតំហ្វេតាមីនចំនួន១២កញ្ចប់និងទូរស័ព្ទដៃ ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបាវិត  ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖