តាមរូបភាពផ្កាយរណបអាមេរិកបានផ្សព្វផ្សាយថា កម្លាំងទាហាន និងសម្ភារធ្វើសឹករបស់កូរ៉េខាងជើង កំពុងតែហ្វឹកហាត់សម្រាប់ដង្ហែរក្បួនព្យុហយាត្រាទ្រង់ទ្រាយធំ។
រូបភាពបង្ហោះលើគេហទំព័រ website 38 North ដែលមានឯកទេសតាមដាន កូរ៉េខាងជើង បានបង្ហាញរូបភាពស្តីពីកម្លាំងទាហានកូរ៉េខាងជើង និងសម្ភារយោធាជាច្រើនបានត្រៀម នៅជាយក្រុងព្យុងយ៉ាង តាំងពីថ្ងៃទី៣១ខែសីហា។
តាមការផ្សព្វផ្សាយ របស់គេហទំព័រ 38 North «កូរ៉េខាងជើងបានត្រៀមដង្ហែរក្បួនព្យុហយាត្រាទ្រង់ទ្រាយធំនៅថ្ងៃទី ១០ខែតុលា ជាថ្ងៃគម្រប់ខួប៧៥ឆ្នាំ នៃការបង្កើតបក្សពលករកូរ៉េខាងជើង ។
តាមសារព័ត៌មានរ៉យទ័របានផ្សាយថា ទីតាំងយោធា Mirim នៅជាយក្រុងព្យុងយ៉ាង តែងតែត្រូវបានប្រើប្រាស់ដើម្បីត្រៀមដង្ហែរក្បួនយោធា នៅទីលានគីម អ៊ីលស៊ុង ក្នុងទីក្រុងព្យុងយ៉ាង ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើន ក្នុងនោះមានមេដឹកនាំ គីម ជុងអ៊ីល។
តាំងពីដើមមកថ្ងៃទី១០ខែតុលា គឺជាពិធីបុណ្យធំនៅកូរ៉េខាងជើង ប៉ុន្តែនៅក្នុងឆ្នាំនេះ ការត្រៀមដង្ហែរក្បួនត្រូវកាត់បន្ថយពេលវេលាបើប្រៀបធៀបនិងឆ្នាំមុនៗ ដោយសារតែ គ្រោះធម្មជាតិ ខ្យល់ព្យុះជាដើម៕ដោយ៖ធី រីណា