ព័ត៌មានទាន់ហេតុការណ៍៖

បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌមានអត្ថន័យយ៉ាងដូចម្តេច?

ចែករំលែក៖

ភ្នំពេញ៖ មនុស្សមួយចំនួនប៉ុណ្ណោះដែលមិនទាន់យល់អត្ថន័យនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

យើងសូមលើកតាមតម្រាពីដូនតាមកបញ្ជាក់ថាទំនៀមទម្លាប់មានពិធីបុណ្យភ្ជុំបិណ្ឌ នេះឡើងគឺកើតឡើងក្នុងរជ្ជកាលព្រះករុណា ព្រះបាទអង្គដួង ទ្រង់ជាព្រះស្ថាបនិកបុណ្យភ្ជុំបិណ្ឌ ដោយហេតុថា ទ្រង់មានការរឭកដល់ស្នាព្រះហស្តព្រះរាជបុព្វបុរស និងកងទ័ពខ្មែរ ដែលពុះពារពលីជីវិត ការពារជាតិមាតុភូមិ លុះទទួលមរណកាលទៅ គ្មានបងប្អូន ញាតិមិត្តណាមួយរឭកនឹកដល់ ទើបទ្រង់ចាត់ឱ្យមាន ពិធីបុណ្យដាក់បិណ្ឌ ដោយយកបុរាណរាជបវេណី បូក និងពុទ្ធសាសនាផង ក៏កើតចេញជាបុណ្យភ្ជំបិណ្ឌនេះឡើង។

នៅក្នុងរយៈពេល ១៤ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ជាពិសេសក្រុមនីមួយៗ ដែលបាន រៀបចំជាក្រុម ដោយលោកតាអាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ ៣ ឬ ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ ឬធ្វើភត្តាហារជា ៣ ទៅ ៤ឆ្នាំង ស្មើនឹង ៣ ទៅ ៤មុខ ម្ហូប។ ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗ ត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗ ក្នុងក្រុមវេនត្រូវជ្រើសរើស យកផ្ទះណាមួយ ដើម្បីប្រមូលនំនែករៀបចំ បាយបិណ្ឌ បាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្ត ស្ដាប់លោកសូត្រថ្វាយបង្គំធម៌សុខោ និងធម៌បរាភវសូត្រ។

ចំណែកពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ មកពីភាសាបាលី“ដុំបាយ” ដូច្នេះ អាច សម្គាល់ ពាក្យ នេះ តាមវិធីងាយបានថា គឺជា ការប្រជុំ ឬប្រមូលផ្តុំដុំបាយ ការពូតដុំបាយជាដុំៗ ដែលយើងហៅថា បាយបិណ្ឌ ។

សម្រាប់ឆ្នាំ២០២០នេះ កម្ពុជាប្រារព្ធបុណ្យកាន់បិណ្ឌនេះ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០។

សម្រាប់ថ្ងៃទី៣ ខែកញ្ញានេះ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យ ភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យ ប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ 

កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះ គេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើ ចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ ១៤រោច ខែភទ្របទ ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេ ធ្វើនៅថ្ងៃ ១៥រោវខែភទ្របទដែលគេហៅថា បុណ្យ ភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យភ្ជុំបិណ្ឌ។ពទ្ធបរិស័ទ

ខែ្មរយើងតែងតែចងចាំ និងយល់គ្រប់ៗគ្នាថា “បុណ្យភ្ជុំបិណ្យ” គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេត  បុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជា ទៅចាប់កំណើតនៅ លោកខាងមុខជាអ្វីនោះ។ ពាក្យ “បេត” ជាពាក្យបាលី ឯពាក្យ “ប្រេត” ជាពាក្យសំស្រ្កឹត) ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួនបានធ្វើ។ជាមួយនេះក៏បង្កើតសាមគ្គីរបស់ពទ្ធបរិស័ទមកពីទីជិតឆ្ងាយនាំគ្នាធ្វើនំគម អន្សម និងធ្វើចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃដើម្បីឧទ្ទិសដល់ជីដូនជីតាដែកចែកឋានទៅ ៕ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត


ចែករំលែក៖