ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញគ្រោងបើកការដ្ឋានស្ថាបនាមហាវិថីថ្មី១ខ្សែមានទទឹង៣០ម៉ែត្រ និងបណ្តោយជាង៥គីឡូម៉ែត្រចាប់ពីផ្លូវលេខ១០០៣ រហូតដល់មហាវិថីឈ្នះ=ឈ្នះ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅក្នុងតំបន់នៃខណ្ឌសែនសុខ ខណ្ឌឫស្សីកែវនិងខណ្ឌព្រែកព្នៅ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងបើកការដ្ឋានស្ថាបនាមហាវិថីថ្មីមួយខ្សែដែលមាន ទទឹង៣០ម៉ែត្រ និងបណ្តោយផ្លូវជាង ៥គីឡូម៉ែត្រដោយចាប់ពីផ្លូវលេខ១០០៣ ផ្លូវបត់ចូលផ្សារទំនើបអុីអន ម៉លសែនសុខ ស្របតាមប្រឡាយមេខាងជើងរាជធានីភ្នំពេញ រហូតដល់មហាវិថីឈ្នះ=ឈ្នះ ក្នុងខណ្ឌឫស្សីកែវតភ្ជាប់ទៅខណ្ឌព្រែកព្នៅ ។

   ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ  បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី ៤ខែកញ្ញាឆ្នាំ២០២០នេះថា រដ្ឋបាលរាជធានីភ្នំពេញមានគម្រោងនឹងបើកការដ្ឋានស្ថាបនាមហាវិថីមួយខ្សែនៅសប្តាហ៍ក្រោយនេះ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលមហាវិថីនេះមានប្រវែង៥.៨៦០ម៉ែត្រ ទទឹង៣០ម៉ែត្រ ជាប្រភេទផ្លូវបេតុង មានសួនច្បារកណ្តាល២ម៉ែត្រ ផ្លូវ១២ម៉ែត្រសងខាង ដែលអាចឱ្យរថយន្តធ្វើចរាចរណ៍បាន៣គន្លងទៅ៣គន្លងមក មាន១គន្លងទៅមកសម្រាប់ម៉ូតូ មានចិញ្ចើមផ្លូវសងខាង២ម៉ែត្រសម្រាប់អ្នកថ្មើរជើង ជាមួយនឹងការដាក់លូសងខាងផ្លូវទំហំ៨តឹកផងដែរ។

     លោកសាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា បើមិនមានការប្រែប្រួលទេ នៅដើមសប្តាហ៍ក្រោយនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាន ហើយការដ្ឋាននេះនឹងស្ថាបនារួចរាល់ក្នុងរយៈពេល ៦ខែទៀត។ ក្រោយការស្ថាបនារួចរាល់កំណាត់មហាវិថីនេះនឹងកាត់បន្ថយការកកស្ទះចរាចរណ៍នៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអុីអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះ=ឈ្នះ ក្នុងខណ្ឌឫស្សីកែវ៕ដោយ៖ សំរិត


ចែករំលែក៖