អន្តរជាតិ៖ ខណៈដែលការបោះឆ្នោតប្រធានាធិបតីអាមេរិក និងប្រព្រឹត្តិទៅនៅថ្ងៃទី៣ ខែវិច្ឆិកា ខាងមុខនេះ។ លោក ដូណាល់ ត្រាំប្រធានាធិបតីអាមេរិក បានទទូចឲ្យអ្នកគាំទ្រលោកក្នុងរដ្ឋ North Carolina ដែលជាសមរភូមិនយោបាយដ៏សំខាន់ ព្យាយាមបោះឆ្នោតឲ្យបាន២លើក ។ លោកត្រាំ បានប្រាប់ពួកគេឲ្យបោះឆ្នោតម្ដងតាមរយៈការផ្ញើតាមប្រៃសណីយ៍ និងម្ដងទៀតដោយផ្ទាល់ដល់មណ្ឌលបោះឆ្នោត។ ប៉ុន្តែជាក់ស្តែងនៅអាមេរិកការបោះឆ្នោតលើសពីមួយលើក គឺជារឿងខុសច្បាប់ ។
ជាក់ស្តែងលោក ត្រាំ ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍មួយ នៅថ្ងៃ២ខែកញ្ញា ក្នុងទីក្រុង Wilmington រដ្ឋ North Carolina លើកទឹកចិត្តឲ្យប្រជាជនក្នុងរដ្ឋនេះបោះឆ្នោត២ដង ដោយម្ដងតាមរយៈផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ និងម្ដងទៀតបោះដោយផ្ទាល់នៅមណ្ឌលបោះឆ្នោត។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters និយាយថា ត្រង់ចំណុចនេះហើយដែរ លោកត្រាំ អះអាងថា ការធ្វើបែបនេះគឺដើម្បីធ្វើតេស្តលើប្រព័ន្ធបោះឆ្នោតនេះ។ លោក ដូណាល់ ត្រាំ សង្កត់ធ្ងន់ថា៖ «ប្រសិនបើប្រព័ន្ធនេះល្អដូចដែលពួកគេនិយាយមែននោះ ដូច្នេះច្បាស់ណាស់ ពួកគេនឹងមិនអាចបោះឆ្នោតដោយផ្ទាល់នៅមណ្ឌលបាននោះទេ»។
លោក ដូណាល់ ត្រាំ បានបន្តលើកឡើងដោយគ្មានភស្តុតាងថាការបោះឆ្នោតតាមរយៈផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ នឹងបង្កើនលទ្ធភាពនៃការលួចបន្លំ និងបង្អាក់ដល់ការបោះឆ្នោតនាខែវិច្ឆិកា ទោះបីជាអ្នកជំនាញអះអាងថា វាជាកម្រនឹងកើតមានបំផុតក្នុងសហរដ្ឋអាមេរិក។
យ៉ាងណាមិញ ក្រុមយុទ្ធនាការបោះឆ្នោតរបស់លោកត្រាំ និងសេតវិមានអាមេរិក បានអះអាងថា លោកប្រធានាធិបតីគ្មានន័យប្រាប់ឲ្យប្រជាជនបោះឆ្នោត២ដងនោះទេ។ បើទោះបីនៅអាមេរិក ការបោះឆ្នោតលើសពីមួយលើក គឺជារឿងខុសច្បាប់ ហើយក្នុងរដ្ឋអាមេរិកខ្លះ រួមទាំង រដ្ឋ North Carolina ផងនោះ ការលើកទឹកចិត្តឲ្យអ្នកផ្សេងធ្វើបែបនេះ ក៏ជាទោសផងដែរ ។
ដោយឡែកអ្នកនាំពាក្យសេតវិមានអាមេរិក អ្នកស្រី Kayleigh McEnany ក៏បានបញ្ជាក់ប្រាប់ទូរទស្សន៍អាមេរិក Fox News នៅថ្ងៃទី ៣ខែកញ្ញាម្សិលមិញនេះថា លោកប្រធានាធិបតីមិនលើកទឹកចិត្តឲ្យអ្នកគាំទ្រលោកធ្វើរឿងមិនល្អបែបនេះឡើយ។ ត្រង់ចំណុចនេះ អ្នកស្រីបកស្រាយដូច្នេះថា៖«អ្វីដែលលោកបាននិយាយគឺចង់ធានាថា សន្លឹកឆ្នោតរបស់អ្នក គឺរាប់បញ្ចូលក្នុងតារាង ហើយបើសិនជាអត់ទេនោះដូច្នេះ [អ្នក] បោះឆ្នោត [ដោយផ្ទាល់នៅមណ្ឌល]»។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះជំងឺរាតត្បាតសកល COVID-19 ទំនងជាធ្វើឲ្យមានការកើនឡើងការបោះឆ្នោតតាមរយៈការផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍សម្រាប់ការបោះឆ្នោតឆ្នាំនេះ។ គោលដៅគឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ។ បើគិតមកត្រឹមថ្ងៃទី៤ខែសីហា ករណីឆ្លង COVID-19 សរុបឡើងដល់៦,១៦លានករណី ក្នុងនោះស្លាប់ ១៨,៧ម៉ឺននាក់៕ដោយ៖ស តារា