ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេស, បារាំង និងបែលហ្ស៊ិកទទួលបានលទ្ធផលល្អក្នុងការប្រកួតពានរង្វាន់ National League

ចែករំលែក៖

ក្រុមតោកំណាចអង់គ្លេស, ក្រុមមាន់គកបារាំង និងក្រុមបែលហ្ស៊ិកបានទទួលលទ្ធផលល្អ ក្នុងការប្រកួត ពានរង្វាន់ UEFA National Leagueកាលពីរាត្រីថ្ងៃទី៥ ឈានចូលថ្ងៃទី៦ ខែកញ្ញានេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃអាទិត្យ ទី៦ កញ្ញានេះ

ក្រុមជម្រើសជាតិអង់គ្លេសបានយកឈ្នះក្រុមជម្រើសជាតិអ៊ីស្លង់ក្នុងលទ្ធផល ១ទល់០ យ៉ាងប្រផិតប្រផើយ។ ក្នុងនោះក្រុមជម្រើសជាតិអង់គ្លេសបានដាក់សម្ពាធទៅលើក្រុមអ៊ីស្លង់យ៉ាងខ្លាំង ដោយការគ្រប់គ្រងបាល់មានរហូតដល់៧០ភាគរយ ប៉ុន្តែនៅតែមិនអាចរកគ្រាប់បាល់បានឡើយនៅ តង់ទី១។

ចូលដល់តង់ទី២ក្រុមទាំង២មានឱកាសរកគ្រាប់បាល់ដូចគ្នា ប៉ុន្តែនៅតែមិនអាចរកគ្រាប់បាល់បាន រហូតដល់នាទីទី៧០កីឡាករ Walker របស់អង់គ្លេសទទួលបានកាតក្រហម ហើយនៅនាទីទី៨៩ កីឡាករIngasonរបស់អ៊ីស្លង់ក៏ទទួលបានកាតក្រហមដែរ។ ចូលដល់នាទីទី៩០+១ កីឡាករក្រុមអ៊ីស្លង់ធ្វើឲ្យមានកំហុស ធ្វើឲ្យអាជ្ញាកណ្តាលពិន័យបាល់១១ម៉ែត្រដែលស៊ុតដោយកីឡាករខ្សែប្រយុទ្ធស្លាប Sterling ធ្វើឲ្យក្រុមអង់គ្លេសទទួលបានជ័យជម្នះលើក្រុមអ៊ីស្លង់១-០តែម្តង

ចំណែកក្រុមជម្រើសជាតិបារាំងបានយកឈ្នះក្រុមជម្រើសជាតិស៊ុយអែតក្នុងលទ្ធផល១ទល់០ដែរ ដែលជាការស៊ុតបាល់ដោយកីឡាករខ្សែប្រយុទ្ធវ័យក្មេង Mbappé នៅនាទីទី៤១។ លទ្ធផលនេះបានបន្តរហូតដល់ចប់ការប្រកួត ដោយមិនមានការបន្ថែមគ្រាប់បាល់នោះទេ ហើយនៅនាទីទី៩០+៥ទៅហើយ កីឡាករ Griezmann មានឱកាសរកគ្រាប់បាល់បាន១គ្រាប់ទៀត ប៉ុន្តែអាជ្ញាកណ្តាលកាត់សេចក្តីក្នុងទីលានមិនឲ្យបាល់ដែលចូលនោះទេ

ដោយឡែកក្រុមខ្លាំងបែលហ្ស៊ិកបានយកឈ្នះក្រុមដាណឺម៉ាកក្នុងលទ្ធផល២ទល់០ ក្នុងការប្រកួតពានរង្វាន់ National League នេះដែរ ដែល២គ្រាប់នេះរកបានដោយកីឡាករDenayer នៅនាទីទី៧ និង១គ្រាប់ទៀតរកបានដោយកីឡាករ Mertens នៅនាទីទី៧៦។

លទ្ធផលទាំងនេះធ្វើឲ្យក្រុមជម្រើសជាតិអង់គ្លេសត្រូវប៉ះជាមួយក្រុមជម្រើសជាតិដាណឺម៉ាក ខណៈក្រុមខ្លាំងបារាំងត្រូវប៉ះជាមួយក្រុមក្រូអាត។ ចំណែក្រុមខ្លាំងបែលហ្ស៊ិកត្រូវប៉ះជាមួយក្រុមអ៊ីស្លង់ ដែលក្រុមទាំងអស់ត្រូវប្រកួតគ្នានៅថ្ងៃទី៩ ខែកញ្ញាខាងមុខ វេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រម៉ោងនៅកម្ពុជា ៕ដោយ៖ភារៈ


ចែករំលែក៖