ភ្នំពេញ៖ ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ ចមចក្រពង្ស ព្រះចៅក្រុងកម្ពុជាធិបតី ទ្រង់ប្រសូតនៅថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំជូតទោស័ក ចុល្លសករាជ ១២០២ មហាសករាជ ១៧៦២ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៨៤០។ ជាព្រះរាជបុត្រានៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី (ព្រះអង្គឌួង) និងសម្តេចព្រះវររាជិនីនាថ (ព្រះនាមពៅ)។
នៅថ្ងៃ១៣កើត ខែពិសាខ ឆ្នាំជូតចត្វាស័ក ត្រូវនឹងឆ្នាំ១៨៥១ទ្រង់ទទួលព្រះសុវណ្ណប័ដ ជាសម្ដេចព្រះហរិរាជតន័យក្រៃកែវហ៊្វា។
ថ្ងៃសុក្រ៣កើត ខែពិសាខ ឆ្នាំម្សាញ់ ព្រះពុទ្ធសករាជ ២៤១៣ ត្រូវនឹងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ១៨៧០ ទ្រង់ទទួលតំណែងជា សម្ដេចព្រះមហាឧបរាជបរមបពិត្រ ក្រុងកម្ពុជា ក្នុងព្រះជន្ម៣៦ ព្រះវស្សា។
លុះដល់ថ្ងៃអាទិត្យ ១០ កើត ខែពិសាខ ឆ្នាំរោងឆស័ក ត្រូវនឹងថ្ងៃទី២៤ ខែ មេសាឆ្នាំ ១៩០៤ ទ្រង់ទទួលរាជសម្បត្តិតពី ព្រះបាទសម្ដេចព្រះនរោត្តម ជាព្រះជេដ្ឋាធិរាជ ក្នុងព្រះជន្ម៦៥ព្រះវស្សា។
ព្រះរាជពិធីរាជាភិសេកត្រូវបានរៀបចំចាប់តាំងពីថ្ងៃចន្ទ ១ កើត រហូតដល់់ថ្ងៃសៅរ៍ ៦កើត ខែពិសាខ ឆ្នាំមមីអដ្ឋស័ក ព្រះពុទ្ធសករាជ២៤៤៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា រហូតដល់ថ្ងៃទី២៨ខែមេសា ឆ្នាំ១៩០៦។
ព្រះបរមនាមក្នុងព្រះសិរីរាជសម្បត្តិគឺ ព្រះករុណាព្រះបាទសម្ដេចស្ដេចព្រះរាជឱង្ការ ព្រះស៊ីសុវត្ថិ ចមចក្រពង្សហរិរាជបរមិន្ទរ ភូវណៃយ ក្រៃកែវហ្វាសុរាល័យ មហៃមហាសម្មតិទេវាវង្ស នរពុទ្ធពង្ស សន្និធានញាណទីបោវរោរដ្ឋ ខត្តិយមហាធម្មិកវរោត្ដម បរមសុរិន្ទ្រាមហិស្សរាធិបតី សិរីសុរិយោវង្ស សំរង់រាស្ត្រឱភាស ជាតិវរវង្ស បំរុងក្រុងកម្ពុជា ខេមរធានន្ទឥន្ទ្របត្តកុរុរដ្ឋ រាជរដ្ឋា មហាស្ថានបុរាណរាជធានី វុឌ្ឍីប្រីជា មហាសាសនូបត្ថម្ភក៍ តិលកលោកាចរិយាត្តម បរមអធ្យាស្រ័យ ជាមហៃសូរិយាធិបតីនៃបថពិតល សកលកម្ពុជាណាចក្រ អគ្គមហាបុររ័ត្ន វិវឌ្ឍនាតិរេក ឯករាជា ខត្តិយាមហាធិបតិន្ទ នរិន្ទវិសុទ្ធិឧត្តម បរមមហាចក្រពត្រាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅក្រុងកម្ពុជាធិបតី ជាម្ចាស់ជីវិតលើត្បូង។
ក្នុងរយៈពេលគ្រងព្រះបរមសិរីរាជសម្បត្តិដ៏រុងរឿងនៃក្រុងកម្ពុជាធិបតី ព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ ចមចក្រពង្ស ព្រះអង្គទ្រង់ជាព្រះមហាក្សត្រប្រកបដោយ ទសពិធរាជធម៌ ព្រះរាជហឫទ័យត្រជាក់ត្រជាក់ត្រជុំ ប្រៀបបាននឹងជាព្រះបិតានៃបណ្ដាប្រជារាស្ត្រទាំងពួង រាស្ត្រទាំងពួងក៏គោរពស្រឡាញ់ព្រះអង្គប្រៀបដូចនឹងព្រះបិតា។
រាជកិច្ចដែលសម្រេចជោគជ័យក្នុងរជ្ជកាលព្រះអង្គដែលមាន រដ្ឋការបារាំងជាម្ចាស់អាណានិគមគឺ ការអនុញ្ញាតអោយ ប្រជារាស្ត្រទាំងពួងគ្រប់ៗគ្នា មានកម្មសិទ្ធិលើដីធ្លីផ្ទាល់ខ្លួន ។ ការទទួលបានមកវិញនូវខេត្ត បាត់ដំបង សៀមរាប ស្ទឹងត្រែង និង កោះកុង ដែលជាដែនដីខ្មែរតាំងពីបុរាណ។ រៀបចំរាជការរដ្ឋាភិបាល រាជការតុលាការ និង ប្រពៃណីទំនៀមទម្លាប់អោយ ត្រឹមត្រូវឡើងវិញ ទាំងពន្ធអារករ របៀបសិក្សា និងរបៀបពិធីផ្សេងៗ តាមសម័យថ្មីដូចប្រទេសធំៗនានាដែលរីកចម្រើនរុងរឿង។
ព្រះបាទស៊ីសុវត្ថិ ព្រះអង្គមានព្រះទ័យអំណរជាពន់ពេក ដោយកម្ពុជាបានទទួលមកវិញនៅខេត្តខ្មែរពីបុរាណមួយចំនួនពីសំណាក់ប្រទេសសៀមមកវិញ ជាពិសេសគឺខេត្តសៀមរាបមហានគរ ដែលជាខេត្តសម្បូរដោយប្រាង្គប្រាសាទថ្ម ល្អផងមិនអាចកាត់ថ្លៃបាន ។ ព្រះអង្គសព្វព្រះរាជហឫទ័យយាងទៅធ្វើពិធីបួងសួងដោយផ្ទាល់ព្រះអង្គនៅប្រាសាទអង្គរវត្ត បន្ទាប់ពីទទួលបានដែនដីមកវិញ។
ទន្ទឹមនឹងនេះក៏មានការកសាងផងដែរនូវព្រះបរមរូបនៃព្រះបាទស៊ីសុវត្ថិគង់លើបល្ល័ង្កគ្រងគ្រឿងខត្តិយរាជសម្បត្តិ និងមានស្រ្តីបីរូបកាន់ជើងពាន ជានិមិត្តរូបតំណាងអោយការទទួលបានខេត្តខ្មែរមកកាន់កាប់វិញក្នុងរជ្ជកាលព្រះអង្គ ដោយសម្ពោធរួចរាល់នៅឆ្នាំ១៩០៩។
ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ ជាព្រះមហាក្សត្រដំបូងបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលស្តេចបានយាងចេញក្រៅប្រទេសរហូតទៅដល់តំបន់ទ្វីបអឺរ៉ុប ពោលគឺចាប់ពីខែមិថុនា រហូតដល់ខែកក្កដាឆ្នាំ១៩០៦ ព្រះអង្គបានយាងបំពេញព្រះរាជទស្សនកិច្ច ក្នុងប្រទេសបារាំងដែលជាម្ចាស់អាណានិគមដើម្បីចម្រើនមេត្រីភាព ។ ក្រៅអំពីយាងទស្សនកិច្ចផ្លូវរដ្ឋនៅប៉ារីស ព្រះបានយាងបន្តដំណើរទៅកាន់ទីក្រុងម៉ាសី ជាទីតាំងនៃពិពណ៌អាណានិគម មានការកសាងប្រាសាទអង្គរវត្តចម្លងយ៉ាងធំស្កឹមស្កៃ ក្នុងព្រះរាជដំណើរនេះព្រះអង្គទ្រង់បាននាំមកជាមួយនឹង ក្រុមរបាំព្រះរាជទ្រព្យដ៏ថ្លៃថ្លារបស់ខ្មែរទៅសម្តែងនៅទីនោះផងដែរ ហើយក៏ជាលើកទី១ដែល របាំព្រះរាជទ្រព្យរបស់យើងបានសម្តែងនៅក្រៅប្រទេស ធ្វើអោយបរទេសមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ប្រជាជនបារាំងរាប់ពាន់អ្នកបានស្វាគមន៍ព្រះរាជទស្សនកិច្ចព្រះបាទសម្តេចព្រះស៊ីសុវត្ថិ កាសែតទស្សនាវដ្ដីនានារបស់បារាំងក៏បានចុះផ្សាយអំពីព្រះរាជទស្សនកិច្ចនេះផងដែរ ដែលធ្វើអោយព្រះកិត្តិស័ព្ទរបស់ទ្រង់ និងកម្ពុជា កាន់តែសុះសាយបន្ថែមទៀតលើឆាកអន្តរជាតិ។
ព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ ចមចក្រពង្ស បានសោយព្រះទិវង្គត នៅថ្ងៃអង្គារ ១១ កើត ខែ៩ ឆ្នាំថោះនព្វស័ក ពុទ្ធសករាជ២៤៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ១៩២៧ វេលាម៉ោង៤ រសៀល ក្នុងព្រះជន្ម៨៨ ព្រះវស្សា ទទួលបានព្រះបច្ឆាមរណនាមជា ព្រះបរមរាជានុកោដ្ឋ ៕
ដោយ៖សិលា