អន្តរជាតិ៖ បើយោងតាមនាយកដ្ឋានពន្លត់អគ្គិ ភ័យនៃរដ្ឋកាលីហ្វ័រញ៉ា បានអះអាងកាលពីថ្មីៗនេះថា ករណីភ្លើងឆេះព្រៃនៅស្រុក El Dorado តំបន់San Bernardino ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា គឺបណ្តាលមកពីផ្សែងកាំជ្រួចក្នុងពិធីជប់លៀងបង្ហាញភេទរបស់ទារកក្នុងផ្ទៃ។ ដោយករណីភ្លើងឆេះព្រៃនេះ បានចាប់ឆាបឆេះឡើងនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ដោយអគ្គិភ័យ បានលេបត្របាក់ផ្ទៃដី២ពាន់៨រយហិកតានិងបង្ខំឲ្យមនុស្សជាច្រើននាក់ជម្លៀសខ្លួនចេញពីលំនៅឋាន។
ក្នុងហេតុការណ៍នេះដែេ អាជ្ញាធររដ្ឋកាលីហ្វ័រញ៉ា ក៏បានបង្ហោះសារក្នុងបណ្តាញសង្គមTwitter ដោយព្រមាន៖ អ្នកដែលធ្វេសប្រហែស ឬធ្វើសកម្មភាពខុសច្បាប់ខាងលើ អាចនឹងត្រូវទទួលទោសព្រហ្មទណ្ឌ ក៏ដូចជាសំណងទឹកប្រាក់។ ភ្លាមៗនោះកម្លាំងនាយកដ្ឋានពន្លត់អគ្គីភ័យនិងអាជ្ញាធរបានប្រើប្រាស់អ្នកពន្លត់អគ្គីភ័យចំនួន៥០០នាក់ និងឧទ្ធម្ភាគចក្រ៤គ្រឿង។
គួរបញ្ជាក់ថា រដ្ឋកាលីហ្វ័រញ៉ា នៅឆ្នាំ២០២០នេះ បានរងគ្រោះពីភ្លើងឆេះព្រៃចំនួន៣ លើកធំៗដែលឆេះរាលដាលគ្របដណ្តប់ផ្ទៃដីចំនួន១,៦លានហិកតានិងបានសម្លាប់មនុស្សចំនួន៨នាក់ ព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធចំនួន៣,៣០០ខ្នងក្នុងរយៈពេល៣សប្តាហ៍ចុងក្រោយនេះ។ មិនតែប៉ុណ្ណោះក្រៅតែពីភ្លើងឆេះព្រៃ ដែលបណ្តាលមកពីមនុស្ស កត្តាអាកាសធាតុក្តៅ និងរន្ទះក៏បណ្តាលឲ្យមានភ្លើងឆេះផងដែរ។ ខណៈដែលឆ្នាំនេះអាកាសធាតុ នៅរដ្ឋកាលីហ្វ័រញ៉ាមានសភាពក្តៅ និងស្ងួតខ្លាំង ដោយសីតុណ្ហភាពកើនឡើងខ្ពស់ពីចន្លោះពី ៤៦ទៅ ៤៩ អង្សារសេ។
ជាក់ស្តែងកាលពីថ្ងៃទី២០ ខែសីហា កន្លងទៅ ករណីភ្លើងឆេះព្រៃដែលបណ្តាលមកពីរន្ទះនេះ ត្រូវបានគេឲ្យឈ្មោះថា LNU Complex Fire បានពង្រីកទំហំដល់ទៅ ៥ម៉ឺន៣ពាន់ ហិកតា ដែលមានទំហំ១០ដងធំជាងកោះManhattan នៅទីក្រុងញ៉ូវយក។
ចំណែកភ្លើងឆេះព្រៃនៅភាគខាងជើងរដ្ឋនេះ ដែលបានឆាបឆេះកាលពីថ្ងៃទី៤កញ្ញា បានរាលដាលលើផ្ទៃដីចំនួន១ម៉ឺន៨ពាន់ហិកតា ដែលបណ្តាលឲ្យមនុស្សចំនួន២០០នាក់ ជម្លៀសខ្លួនតាមយន្តហោះដោយសារតែផ្លូវត្រូវបានកាត់ផ្តាច់ដោយសារភ្លើងឆេះ។ក្នុងចំណោមនោះ២០នាក់ត្រូវចូលសម្រាកក្នុងមន្ទីរពេទ្យ។ រីឯ ប៉ូលីសក្រុងSan Diego វិញ បានបញ្ជាឲ្យពលរដ្ឋជម្លៀសខ្លួនចេញពីផ្ទះសម្បែងដោយស្ម័គ្រចិត្តខណៈភ្លើងកំពុងតែឆាបឆេះផ្ទៃដី៤,០០០ ហិកតា បំផ្លាញហេដ្ឋារចនាសម្ព័ន្ធអស់១១ខ្នង នៅភាគខាងកើតទីក្រុងដែលមានប្រជាជនរស់នៅប្រមាណ៣លាននាក់។ ជាសរុបរដ្ឋកាលីហ្វ័រញ៉ា បានប្រើប្រាស់អ្នកពន្លត់អគ្គីភ័យចំនួន ១ម៉ឺន៥ពាន់នាក់ដើម្បីបង្ក្រាប់ភ្លើងឆេះទាំងតូចទាំងធំចំនួន២៤ កន្លែងនៅជុំវិញរដ្ឋ។
បើយោងតាមអ្នកនាំពាក្យក្រុមហ៊ុនអគ្គីសនី លោកReggie Kumar ការអនុវត្តវិធីសាស្ត្រនេះធ្វើឡើងជាលើកចុងក្រោយកាលពី២០ឆ្នាំមុនថា៖ភ្លើងឆេះព្រៃនេះ ក៏បណ្តាលឲ្យខ្វះអគ្គីសនីប្រើប្រាស់ផងដែរ។ មន្ត្រីរដ្ឋកាលីហ្វ័រញ៉ា បានអំពាវនាវឲ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់ឧបករណ៍អគ្គីសនី និងភ្លើងបំភ្លឺ។ចំណែកក្រុមហ៊ុនអគ្គីសនី Southern California Edison ដែលផ្គត់ផ្គង់អគ្គីសនីដល់មនុស្ស៥លាននាក់កាលពីថ្ងៃទី៦ កញ្ញា បានប្រាប់អ្នកប្រើប្រាស់ខ្លួនពីលទ្ធភាពពីការឆ្លាស់ម៉ោងផ្តល់អគ្គីសនីប្រើប្រាស់ពីចន្លោះម៉ោង៤ល្ងាច ទៅ៩យប់។ការឆ្លាស់ម៉ោងផ្តល់អគ្គីសនីប្រើប្រាស់ គឺជារឿងកម្របំផុត ៕ដោយ៖ស តារា