ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាលាដំបូងខេត្តព្រះសីហនុ មានរៀបចំកិច្ចប្រជុំស្តីពី “ការបូកសរុបលទ្ធផលការងាររយៈពេល ៣ខែ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់សាលាដំបូងខេត្តគោលដៅទាំង៥ក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត” ដឹកនាំដោយលោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី៤, លោក កោ វណ្ឌី ប្រធានសាលាដំបូង និងលោក សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ព្រមទាំងមានការអញ្ជេីញចូលរួមពីលោកអនុប្រធានសាលាដំបូង លោកព្រះរាជអាជ្ញារង លោកចៅក្រម លោកប្រធានលេខាធិការដ្ឋានរដ្ឋបាល និងមន្រ្តីពាក់ព័ន្ធទាំងអស់របស់សាលាដំបូងខេត្តព្រះសីហនុ។
បន្ទាប់មក លោក ជិន ម៉ាលីន ប្រធានក្រុមការងារបានបន្តដឹកនាំក្រុមការងារ ទៅពន្ធនាគារខេត្តព្រះសីហនុ ដើម្បីពិនិត្យរបាយការណ៍បច្ចុប្បន្នភាពរបស់ពន្ធនាគារ និងមានមតិសំណេះសំណាល៕ដោយ៖សិលា