ភ្នំពេញ ៖ បុរសម្នាក់បានបេីកឡំប្រឺតាដឹកភ្ញៀវឆ្លងកាត់ផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តស៊េរីទំនេីបម៉ាកឡិចសុីសមកបុកចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាត តែសំណាងល្អដែរដែលមិនមានអ្នករងរបួស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៦០ កែងផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅពេលកេីតហេតុគេឃេីញឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IH -4714 បេីកបរដោយបុរសម្នាក់ ដឹកភ្ញៀវបុរស២នាក់ជាជនជាតិបរទេស ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៣៦០ ក្នុងទិសដៅពីកេីតទៅលិច ខណៈកំពុងឆ្លងកាត់ផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តស៊េរីទំនេីបម៉ាក LEXUS NX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AT -5266 បេីកបរដោយបុរសម្នាក់ រួមទាំងមានមិត្តភក្តិ១ទៅ២នាក់ទៀត ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១០៥ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនមធ្យមបានជ្រុលទៅបុកឡំប្រឺតាពីចំហៀងខាងស្ដាំទាំងកំរោល បណ្ដាលឲ្យរងការខូចខាត ចំណែករថយន្តឡិចសុីសក៏ខូចខាតកាងខាងមុខចំហៀងខាងឆ្វេងផងដែរ ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ តែភាគីទាំងពីរចរចាគ្នាមិនត្រូវ ដោយម្ខាងចង់ស្មេី ម្ខាងចង់បានសំណង ទេីបភាគីទាំងពីរសម្រេចឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបឹងកេងកង ធ្វេីការវាស់វែងយករថយន្តនិងឡំប្រឺតសខាងលេីនេះ ទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ