ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះតទៅ កម្ពុជា និងវៀតណាមអាចស្នើសុំផ្ទេរទណ្ឌិតឲ្យគ្នាទៅវិញទៅមក បន្ទាប់ពីសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិតរវាងកម្ពុជានិងវៀតណាម នឹងចូលជាធរមាន ។
ជាក់ស្តែងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក ស៊ា កុសលបានចុះហត្ថលេខាជួសលោករដ្ឋមន្ត្រីប្រាក់ សុខុន លើសេចក្តីជូនដំណឹង ស្តីពីការចូលជាធរមាននៃសន្ធិសញ្ញាផ្ទេរទណ្ឌិត ហើយក៏បានផ្ញើជូន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើតរិទ្ធ ផងដែរ ។
សូមជម្រាបថា ការចូលជាធរមាននៃសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិតរវាងកម្ពុជា និងវៀតណាម មានន័យថា៖ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០កម្ពុជា អាចស្នើសុំយកទណ្ឌិត (អ្នកទោស) ជាជនជាតិខ្មែរ ដែលជាប់ពន្ធនាគារនៅវៀតណាម មកបន្តឃុំនៅកម្ពុជាវិញ ហើយទណ្ឌិតជាជនជាតិវៀតណាមដែលជាប់ពន្ធនាគារនៅកម្ពុជា នឹងអាចត្រូវបានវៀតណាម ស្នើសុំយកទៅបន្តឃុំនៅវៀតណាម។
គួរបញ្ជាក់ថា កម្ពុជានិងវៀតណាម ចាប់ផ្តើមពិភាក្សាជាមួយគ្នា អំពីការបង្កើតសន្ធិសញ្ញាផ្ទេរទណ្ឌិតនេះ តាំងពីចុងឆ្នាំ២០១៦មកម្លេះ ។ ប៉ុន្តែរហូតដល់ខែមីនា ឆ្នាំ២០២០ រដ្ឋសភាកម្ពុជា បានអនុម័តយល់ព្រមលើសន្ធិសញ្ញានេះនិងក្រោយមក ក៏ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រកាសឲ្យប្រើប្រាស់ ហើយនឹងត្រូវចូលជាធរមាន (ចាប់ផ្តើមអនុវត្ត) នៅថ្ងៃទី១ ខែតុលាឆ្នាំ២០២០ ខាងមុខនេះតទៅ៕ដោយ៖ស តារា