ភ្នំពេញ ៖ លោក ថេង សុថុល អភិបាល នៃ គណៈអភិបាលខណ្ឌចំការមនបានសុំឱ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់គិតគូរទៅលើបញ្ហាសុខភាព ជីវភាព អនាគតកូនចៅបានរៀនសូត្រគ្រប់គ្រាន់ មានការងារធ្វើល្អ ក៏ដូចជាមើលថែទាំឪពុកម្តាយ ក្រុមគ្រួសាររបស់ខ្លួនម្នាក់ៗ ជាជាងទៅស្តាប់ការញុះញង់របស់ពួកជ្រុលនិយមមួយក្តាប់តូចដែលតែងតែមានបំណងអុជអាលបង្កាត់ភ្លើងសង្រ្គាម បង្កហានិភ័យដល់ប្រជាជន និងប្រទេសជាតិ ស្របពេលដែលប្រជាជនកំពុងរស់នៅយ៉ាងមានសេរីភាព ក្នុងប្រទេសមានសន្តិភាពដូចពេលនេះ។
លោក ថេង សុថុល បានលើកឡើងយ៉ាងដូចនេះ នៅក្នុងពិធីចែកអំណោយសប្បុរសធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រជិត១០០គ្រួសារដែលរស់នៅក្នុងសហគមន៍រុងរឿង ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ នាយក នាយករងរដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ និងមន្ត្រីនៃរដ្ឋបាលខណ្ឌចំការមនជាច្រើនរូបទៀត។ លោកអភិបាលបានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់នៅពេលនេះគឺយើងរស់នៅក្នុងប្រទេសមានសន្តិភាព មានឱកាសធ្វើអ្វីៗបានគ្រប់យ៉ាង កុំឱ្យតែប្រទេសមានសង្រ្គាម ទើបយើងបាត់បង់ឱកាសធ្វើអ្វីៗទាំងអស់ លើកលែងតែធ្វើរឿងខុសច្បាប់តែប៉ុណ្ណោះ។
បន្ថែមពីនេះ លោក ថេង សុថុល ក៏សុំឱ្យបងប្អូនប្រជាពលរដ្ឋគិតគូរពីបញ្ហាបរិស្ថានក្នុងសហគមន៍ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់ការប្រមូលចេញពីសហគមន៍ សំរាមគឺយើងជាអ្នកបង្កើត ដូច្នេះត្រូវយកចិត្តទុកលើបញ្ហាសំរាមឱ្យបានល្អ កុំបោះចោលពាសវាលពាសកាល វានាំឱ្យហូរចូលទៅក្នុងប្រឡាយ លូ ធ្វើឱ្យស្ទះទឹក លិចលង់ផ្ទះសម្បែង ភូមិឋានរបស់យើង បង្កឱ្យអាប់អួបរិស្ថាន និងមានជំងឺតម្កាត់នានាដល់កូនចៅនិងក្រុមគ្រួសារយើង ជាពិសេសគឺសោភណភាពទីក្រុងនិងប្រទេសជាតិយើង។
មួយវិញទៀត លោកអភិបាលខណ្ឌ បានស្នើឱ្យបន្តយកចិត្តទុកដាក់អនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំគឺលាងដៃនឹងសាប៊ូ អាល់កុល ជែលឱ្យបានញឹកញាប់ ពាក់ម៉ាស់ រក្សាគម្លាតសង្គម នៅពេលចេញទៅខាងផ្ទះ ជាពិសេសក្នុងឱកាសចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ដើម្បីចៀងវាងពីការចម្លងជំងឺកូវីដ-១៩ បើទោះជានៅកម្ពុជាមានស្ថានភាពល្អប្រសើរបន្តិចក្តី ប៉ុន្តែជំងឺនេះនៅតែរាតត្បាតនៅលើពិភពលោកដ៏គួរឱ្យព្រួយបារម្ភនៅឡើយ៕
ដោយ៖ ជីណា