ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ប្រតិភូសម្ព័ន្ធមេត្រីភាព ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញ សំណេះសំណាល សាកសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលតូចថ្មើរជើងលេខ៥២ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ប្រតិភូសម្ព័ន្ធមេត្រីភាពដឹកនាំដោយ លោក អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់លោក បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការអញ្ជើញចូលរួមដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ផងដែរ។
លោក អ៊ិន ចន្ថា បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ពតាមរយៈប្រតិភូសម្ព័ន្ធមេត្រីភាព និងគោលនយោបាយផ្សេងជាច្រើនទៀត។ លោកក៏បានផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងជូនពរពីសំណាក់ប្រមុខរាជរដ្ឋាភិបាលចំពោះកងទ័ពក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សូមឱ្យយោធិនទាំងអស់មានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីបន្តចូលរួមក្នុងការការពារថែរក្សានូវសុខសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។
លោកឧត្តមសេនីយ៍ទោ ម៉ី សឹង្ហន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលតែងតែយកចិត្តទុកដាក់ចុះមកសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលតូចថ្មើរជើងលេខ៥២ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាប់ជាប្រចាំ។
គួរបញ្ជាក់ ក្នុងឱកាសចុះសួរសុខទុក្ខ នៃប្រតិភូសម័្ពន្ធមេត្រីភាព ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បាននាំមក នូវអំណោយជូនកងពលតូចថ្មើជើងលេខ៥២ នាពេលនេះរួមមាន គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕
ដោយ៖ សិលា