ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាំងមែន! ១យប់លួចរថយន្តព្រូសម្ដង២គ្រឿងត្រូវកម្លាំងព្រហ្មទណ្ឌបង្រ្កាបបាន២នាក់និងរថយន្ត៣គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ពិតជាខ្លាំងមែន ជិះរថយន្តព្រូសដើរលួចរថយន្តចតនៅមុខផ្ទះម្ដង២គ្រឿង ប៉ុន្តែបានតែ១ថ្ងៃត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញធ្វើការបង្ក្រាបបានក្រោយពីពួកគេធ្វើសកម្មភាពរួច។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ ២០២០នៅចំណុចផ្លូវលេខ១៧៣ ក្នុងសង្កាត់ទួលទំពូងទី១និងទួលទំពូងទី២ ខណ្ឌចំការមន ។

ជនរងគ្រោះទី១-ឈ្មោះ វឹង មួយហួរ ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់នៅផ្លូវលេខ៤៥០ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។

ជនរងគ្រោះទី២-មានឈ្មោះ តាំង ឡេង ភេទប្រុស អាយុ ៥០ឆ្នាំ ស្នាក់នៅផ្ទះលេខ១អា ផ្លូវលេខ១៧៣ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន បានប្តឹងទៅអធិការដ្ឋានខណ្ឌចំការមនអំពីករណីបាត់រថយន្តព្រូស១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២BA-២៧៦៦ ស៊េរីឆ្នាំ២០០៥ ។

នៅក្នុងពាក្យបណ្តឹងបានរៀបរាប់ថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៨យប់ កូនស្រីរបស់គាត់បានយករថយន្តទៅចតនៅមុខផ្ទះដូចសព្វដង។ លុះព្រឹកឡើង វេលាម៉ោង៥ គាត់បានងើបហាត់ប្រាណពុំបានឃើញរថយន្ត លុះឆែកកាមេរ៉ាសុវត្ថិភាពមើល ទើបដឹងថាមានជនល្មើស២នាក់បានធ្វើសកម្មភាពលួចយករថយន្តគាត់ទៅបាត់ ។

ជនសង្ស័យទី១-ឈ្មោះ បាន បុល ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរ គ្មាន ស្នាក់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ, ជនសង្ស័យទី២-ឈ្មោះ ឆាយ ម៉េងទី ហៅ រាជ អាយុ១៧ឆ្នាំ ស្នាក់នៅក្រោយវត្តដំបូកខ្ពស់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ មុខរបរគ្មាន។ចំពោះវត្ថុតាងដែលសមត្ថកិច្ច ដកហូតបានមានរថយន្តចំនួន ២គ្រឿងម៉ាកព្រូសទាំងពីរ (ជារបស់ជនរងគ្រោះ)ដែលពួកគេបានលួចកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២០នៅកណ្តាលអធ្រាត្រនិងវេលាទៀបភ្លឺនៅសង្កាត់ទួលទំពូងទី១ និងទួលទំពូង២ក្នុងយប់តែមួយ ។ 

លោក យិន សាន អធិការខណ្ឌចំការមនបានឱ្យដឹងថា ក្រោយពីទទួលពាក្យបណ្ដឹងនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ស្តីអំពីករណីលួចរថយន្តចំនួន២គ្រឿងនៅសង្កាត់ទួលទំពូងទី១និងទី២មក លោកក៏ឱ្យអធិការរងពីររូបចុះស្រាវជ្រាវ លុះដល់ថ្ងៃដដែលវេលាល្ងាចម៉ោង៥បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់និងរថយន្តព្រូសចំនួន២គ្រឿងដែលបានលួចនៅយប់ទៀបភ្លឺនាំមកសាកសួរនាំនៅអធិការដ្ឋានខណ្ឌ ។

លោក ផន អូន និងលោក មៀច ឈួនសុីម៉ូលីន អធិការរងខណ្ឌចំការមនបានបញ្ជាក់ថា ជនសង្ស័យបានឆ្លើយសារភាពខ្លួនបានជិះរថយន្តម៉ាកព្រូសពណ៌សពាក់ស្លាកលេខភ្នំពេញ២BH-២៧៧០ជារថយន្តរបស់ឈ្មោះ បាន បុល ភេទប្រុស អាយុ២៧ឆ្នាំមានគ្នា២នាក់នេះជិះដើរលួចរថយន្ត ហើយពួកគេប្រទះឃើញរថយន្តព្រូសពណ៌សពាក់ស្លាកលេខភ្នំពេញ២BA-២៧៦៦ចតនៅទីតាំងផ្ទះលេខ០១ តាមផ្លូវលេខ១៧៣ ស្ថិតនៅភូមិ៤ សង្កាត់ទួលទំពូងទី២ក៏ឈប់រថយន្តដើម្បីលួចយក ដោយប្រើប្រព័ន្ធផ្ដាច់ភ្លើង(ឈិប)ហើយក៏បើករថយន្តយកទៅលាក់ទុកនៅដីឡូត៍ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចក៏បន្តលួចរថយន្តព្រូស១គ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ២AQ-៧៦១៣ដោយលួចនៅមុខផ្ទះលេខ១២៨ ផ្លូវលេខ៤៥០ ភូមិ២ សង្កាត់ទួលទំពូងទី១ ហើយលួចបានរថយន្តសរុប២គ្រឿងក៏យករថយន្តដែលលួចបានទៅលាក់ទុកនៅក្នុងដីឡូត៍តែត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌនិងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនបានពេលចូលទៅយករថយន្តដែលលួចបានយកទៅលក់ ។នៅថ្ងៃទី១២ ខែឆ្នាំដដែលសមត្ថកិច្ចក៏ធ្វើការដកហូតរថយន្តព្រូសរបស់ជនសង្ស័យនៅសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា យកមករក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន។

ក្នុុងប្រតិបត្តិការខាងលើបានដកហូតយករថយន្តសរុបចំនួន៣គ្រឿងម៉ាកតូយ៉ូតាព្រូសក្នុងនោះរថយន្ត៣គ្រឿងមានរថយន្តជនរងគ្រោះចំនួន២គ្រឿងរថយន្តនិងជនសង្ស័យចំនួន១គ្រឿងដែលសម្រាប់ជិះធ្វើសកម្មភាពលួច ។បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងនគរបាលនិឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែករថយន្តអ្នករងគ្រោះបានប្រគល់ឱ្យម្ចាស់យកទៅប្រើប្រាស់ជាបណ្ដោះអាសន្នយោងតាមព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានអនុញ្ញាតផងដែរ ៕ដោយ៖ ជីណា


ចែករំលែក៖