ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋហុងកុង ចំនួន១២នាក់ ដែលត្រូវអាជ្ញាធរចិនឃាត់ខ្លួននៅឯសមុទ្រ គឺចាត់ទុកថា៖ ជាក្រុមឧទ្ទាមផ្ដាច់ទឹកដី

ចែករំលែក៖

អន្តរជាតិ៖ ប្រជាជនហុងកុង១២នាក់ ដែលត្រូវអាជ្ញាធរចិនដីគោកឃាត់ខ្លួននៅឯដែនសមុទ្រ កាលពីខែសីហាកន្លងទៅនេះ ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Hua Chunying ចាត់ទុកថា គឺជាក្រុមឧទ្ទាមទាមទារផ្ដាច់ទឹកដីនិងជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលអះអាងថាការឃាត់ខ្លួនពួកគេទាំងនេះ ជាទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

បើតាមទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៤ ខែកញ្ញាឆ្នាំ២០២០នេះ បានដកស្រង់ការលើកឡើងខាងលើរបស់លោកស្រី Hua Chunying បានកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសាច់ញាតិអ្នកជាប់ឃុំបានធ្វើសន្និសិទកាសែតមួយក្នុងទីក្រុង ហុងកុង ទាមទារឲ្យមានការដោះលែង ជាបន្ទាន់ មនុស្សទាំង១២នាក់ ដែលត្រូវបានឆ្មាំសមុទ្រខេត្តក្វាងទុង ស្ទាក់ចាប់បាននៅថ្ងៃទី២៣ ខែសីហា។ ដោយការឃាត់ខ្លួននេះបានកើតឡើងប្រហែលជាពីរខែ ក្រោយរដ្ឋាភិបាលចិនដីគោកបានដាក់ច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង។

ទាក់ទិននឹងបញ្ហានេះលោកស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បាននិយាយថា ការចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យហុងកុងទាំង ១២នាក់នេះគឺជា «ឧទាហរណ៍មួយទៀត ដែលបង្ហាញពីការធ្លាក់ចុះនៃសិទ្ធិមនុស្សនៅហុងកុង» ហើយលោកស្រីក៏បានអំពាវនាវឲ្យអាជ្ញាធរចិនដីគោកធានានូវដំណើរការកាត់ក្ដី ដ៏ត្រឹមត្រូវមួយផងដែរ។

ដោយឡែកជាការឆ្លើយតបវិញភ្លាមៗ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានលើកឡើងថា មនុស្សទាំង១២នាក់ខាងលើ ត្រូវបានចាប់ខ្លួនពីបទឆ្លងដែនខុសច្បាប់ក្នុងដែនទឹក ហើយពួកគេមិនមែនជាសកម្មជន ប្រជាធិបតេយ្យទេ ប៉ុន្តែជា «អ្នកដែលព្យាយាមបំបែកហុងកុងចេញពីចិនដីគោក»

បើតាមប៉ូលីសក្នុងទីក្រុង Shenzhen ប្រជាជនហុងកុងទាំង១២នាក់ កំពុងស្ថិតក្រោមការឃុំខ្លួនពីបទឧក្រិដ្ឋដោយសង្ស័យថាបានឆ្លងដែនខុសច្បាប់និងត្រូវបានដាក់ឱ្យ នៅក្រោម ការស៊ើបអង្កេត នៅឡើយ។ ប៉ូលីសបានបន្ថែមថា «យ៉ាងណាមិញ ពួកគេនឹងព្យាយាមការពារសិទ្ធិនិងផលប្រយោជន៍របស់ជនសង្ស័យស្របទៅតាមច្បាប់»

ដោយ៖ស តារា


ចែករំលែក៖