ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្កឲ្យមានការភ្ញាក់ផ្ងើលយ៉ាងខ្លាំងក្រោយពេលលោកប្រកាសថា មូលហេតុបណ្តាលឲ្យភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រនីញ៉ា គឺដោយសារតែការផ្ទុះដើមឈើដូចជា«ឈើគូស»បង្កឲ្យមានភ្លើងឆេះ។
ប្រធានាធិបតីដូណាល់ ត្រាំបានប្រកាសកាលពីថ្ងៃទី១៤ ខែកញ្ញា ពេលបំពេញទស្សនកិច្ចទៅកាន់រដ្ឋ កាលីហ្វ័រនីញ៉ាដែលជាទីតាំងមានភ្លើងឆេះព្រៃខ្លាំងជាងគេនៅអាមេរិក។ នៅទីនោះលោកត្រាំបានប្រកាសថា «នៅក្នុងព្រៃមានដើមឈើធំៗជាច្រើនបានបាក់ឬងាប់ ហើយក្រោយរយៈ១៨ខែវានឹងស្ងួតដូចជាឈើគូស អ៊ីចឹងអាចនិងផ្ទុះបង្កជាអណ្តាតភ្លើងឆាបឆេះ។
លោកត្រាំបានលើកឡើងទៀតថា មេដឹកនាំបណ្តាប្រទេសដែលមានព្រៃឈើច្រើននៅតំបន់អឺរ៉ុប ធ្លាប់ផ្តល់បទពិសោធន៍ពីការគ្រប់គ្រងព្រៃឈើទប់ស្កាត់ភ្លើងឆេះព្រៃ។ លោកត្រាំបានបញ្ជាក់ថា «នៅក្នុងព្រៃមានដើមឈើងាយផ្ទុះ ពិសេសគឺនៅកាលីហ្វ័រនីញ៉ា»។
ការលើកឡើងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានបង្ហោះចែកចាយពេញបណ្តាញសង្គម ហើយមនុស្សជាច្រើនបានយល់ថា ប្រធានាធិបតីបានយល់ខុសពីភ្លើងឆេះព្រៃនៅកាលីហ្វ័រនីញ៉ា។
សារព័ត៌មានAFP បានផ្សាយថា មានករណីមួយចំនួន ដែលក្រុមពន្លត់អគ្គិភ័យបានលើកឡើងថាមានដើមឈើស្រស់ជាច្រើនផ្ទុះ ដោយសារតែជ័ររបស់វាក្តៅខ្លាំងពេក ទើបផ្ទុះមានសំឡេងខ្លាំងដូចជាផ្ទុះគ្រាប់កាំភ្លើង៕
ដោយ៖ធី រីណា