ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ចូលរួមកាន់បិណ្ឌវេនទី១៣ ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តចំនួន៥ ក្នុងឃុំល្វេ ស្រុកកោះសូទិនខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ ស្របពេលដែលបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពុទ្ធបរិស័ទនៅទូទាំងប្រទេស ដែលគោរពប្រតិបត្តិ និងបានប្រកាន់ភ្ជាប់ ប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាននៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំ ហើយសម្រាប់ឱកាស នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ដែលពុទ្ធបរិស័ទ ខ្មែរគ្រប់ ស្រទាប់ វណ្ណៈបានគោរពប្រតិបត្តិនៅគ្រប់ទីវត្តអារាមជារៀងរាល់ ឆ្នាំតាំងពីបុរាណកាលមក។
សម្រាប់ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២០នេះ លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានដឹកនាំ លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីរាជការក្រោមឱវាទអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៣ ដោយបាននាំយក ចង្ហាន់ ទៀនធូប ផ្កាភ្ញី និងបច្ច័យ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងវត្តចំនួន ៥ ក្នុងឃុំល្វេ ដែលពិធីកាន់បិណ្ឌទី១៣ ប្រារព្ធធ្វើរួមគ្នាក្នុងបរិវេណវត្ត រតនរង្សី ហៅវត្តល្វេ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ ២០២០នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ ១ រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី ៣ រហូតដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ ។
តាមឯកសារបានកត់ត្រាទុកថា ពិធី បុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីបុណ្យ មួយដែល ធំជាងគេ នៅក្នុង ចំណោម ពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ ព្រះពុទ្ធសាសនា។ ជារៀង រាល់ឆ្នាំនៅ ពេលដល់ ថ្ងៃ ខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ ញាតិសន្ដានទាំងអស់ ទោះ នៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុកម្ដាយ នៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេន ព្រះសង្ឃ ដែលគង់នៅវត្តអារាម។
ចាប់តាំងពីសម័យបុរាណកាល រហូតមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌ តែងតែ ប្រារព្ធ នៅក្នុងរដូវវស្សា ព្រោះនៅក្នុងរដូវនេះ ពពួកប្រេត អាចមានឱកាសច្រើនក្នុងការស្វែង រកចំណីអាហារជាងរដូវផ្សេងៗ ទាំងអស់។
នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ ថ្ងៃនេះ មាន ពពួកប្រេតជន សាច់ញាតិ ទាំងប្រាំពីរសណ្ដាន ព្រមទាំងញាតិទាំងឡាយ ដែលអត់ឃ្លាន អាហារ អស់រយៈពេលជាច្រើនខែមកហើយនោះ ត្រូវបានរួចផុតពីការឃុំឃាំង អនុញ្ញាតឲ្យមក ស្វែងរកសាច់ញាតិ នៅតាមវត្តអារាមផ្សេងៗ ដែលនាំយកចំណីអាហារ មកឧទ្ទិសកុសល ឲ្យ ខ្លួន។ ម្យ៉ាងវិញទៀត បើតាមនិយាយតៗគ្នាថា ក្នុងរយៈពេល ១៥ ថ្ងៃ បើពពួកប្រេតជន ទាំងអស់នោះ ដើរស្វែងរកញាតិចំនួន ៧វត្ត នៅតែមិនឃើញនោះ ពពួកប្រេត ទាំងអស់នោះ នឹងស្រែកយំទន្ទ្រាំជើង ព្រោះតែការខកបំណង និងភាពស្រែកឃ្លាន ក្រហល់ ក្រហាយ ក្នុងចិត្ត។ ជាពិសេសពពួកប្រេតជនទាំងអស់នោះ នឹងជេរដាក់បណ្ដាសាដល់សាច់ ញាតិ កូន ចៅ ជាមិនខាន។
លោក ឃឹម វុទ្ធី និងក្រុមការងារអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា រួមនិងពុទ្ធបរិស័ទទាំងអស់ បាន អញ្ជើញ រាប់បាត ដើម្បី ព្រះសង្ឃ ស្វាធ្យាយ សតៈប្បករុណាភិធម្មបង្សុកូល ជាកិច្ចឧទ្ទិស កុសល ផលបុណ្យ ជូនវិញ្ញាណ ក្ខ័ន បុព្វការីជន មាតា បិតា ជីដូនជីតា និងញាតិកាទាំង៧ សណ្តាន ដែលបានចែកឋានទៅ កាន់ វរលោកខាងមុខ សូមវិញ្ញាណក្ខ័ន អ្នកទាំង អស់បានទៅសោយសុខ ក្នុង ឋានសុគតិភពកុំបីឃ្លាងឃ្លាតឡើយ ។
ជាការចូលរួមចំណែកក្នុងការកសាងសមិទ្ធិផលនានា ក្នុងទីអារាមវត្តទាំង៥ លោក ឃឹម វុទ្ធី ព្រមទាំងថ្នាក់ដឹកនាំក្រោមឱវាទអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានប្រគេនដល់វត្តចំនួន៥ ក្នុងឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយក្នុង១វត្តៗ ទទួលបាន អង្ករ១០០ គីឡូក្រាម ចង្ហាន់ គ្រឿងឧបភោគបរិភោគ និងបច្ច័យកសាងចំនួន៤០មុឺនរៀល ព្រះសង្ឃ១៥អង្គមកពី៥វត្ត ក្នុង១អង្គ បច្ច័យ ១០មុឺនរៀល លោកតាអាចារ្យ១០នាក់ ម្នាក់ៗ ២មុឺនរៀល ។
តមកឯកឧត្តម ឃឹម វុទ្ធី ព្រមទាំងថ្នាក់ដឹកនាំក្រោមឱវាទអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានបន្តដំណើរចុះពិនិត្យដំណើរការកសាងអាគារស្នាក់ការ ឃុំល្វេ ដែលបាន និងកំពុងសាងសង់បានប្រមាណ៥០%ហើយ ។
សូមបញ្ជាក់ថា អាគារស្នាក់នៅឃុំេល្វ នេះជាអំណោយដ៏ថ្លៃថ្លារបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកោះសូទិន ផ្តល់តាមរយៈក្រុមការងារថ្នាក់ជាតិចុះជួយឃុំល្វេ ៕

ដោយ៖ សិលា


ចែករំលែក៖