ព័ត៌មានទាន់ហេតុការណ៍៖

យុវជនជាច្រើនស្នើឲ្យក្រសួងវប្បធម៌ស៊ើបអង្កេតករណីសង្ស័យផលិតកម្មDL បោកប្រាស់ប្រាក់ពួកគេ

ចែករំលែក៖

    ភ្នំពេញ៖ មានលេចចេញករណីមិនប្រក្រតីមួយបានកើតមានឡើងជាច្រើនឆ្នាំមកហើយលើផលិតកម្មDL ប៉ុន្តែមិនត្រូវបានក្រសួងពាក់ព័ន្ធធ្វើចំណាត់ការ។ នោះគឺជាករណីសង្ស័យថា ផលិតកម្មនេះបានប្រើប្រាស់រូបភាពអូសទាញយុវជនឲ្យចូលរៀនលើជំនាញសិល្បៈនិងការចេញសម្តែងដោយការបង់លុយឲ្យផលិតកម្ម។

ករណីសង្ស័យលើផលិតកម្មដែលគេមិនសូវស្គាល់ថាបានផលិតស្នាដៃដុំកំភួនលើវិស័យសិល្បៈនេះបានកើតមានឡើងក្រោយពីមានយុវជនមួយចំនួនបានបញ្ចេញសារ និងទម្លាយរឿងរ៉ាវបោកប្រាស់របស់ផលិតកម្មនិងស្នើឲ្យក្រសួងពាក់ព័ន្ធធ្វើការស៊ើបអង្កេតករណីមួយនេះ។

យុវជនម្នាក់សុំមិនបញ្ចេញអត្តសញ្ញាណបានលើកឡើងថាយុវជនជាច្រើនបន្តបន្ទាប់បានឃើញការប្រកាសជ្រើសរើសតារាស្ទើគ្រប់ជំនាញទាំងអស់នៅលើ FaceBook Page របស់ផលិតកម្មខាងលើក៏បានទាក់ទងដើម្បីធ្វើការដាក់ពាក្យចូលរៀនដោយពាក្យនោះត្រូវយកទៅដាក់ផ្ទាល់នៅទីស្នាក់ការផលិតកម្មនៅខាងក្រោយព្រះបរមរាជវាំងខណៈម្នាក់ៗត្រូវបង់៥ម៉ឺនរៀលដើម្បីចូលរៀនជំនាញដែលចង់រៀនប៉ុន្តែអស់រយៈពេលជាច្រើនខែដែលមិនដែលបានទទួលដំណឹងអ្វីសោះខណៈការហៅទូរស័ព្ទទំនាក់ទំនងទៅកាន់ថៅកែផលិតកម្មខាងលើមិនសូវចូល ពេលខ្លះចូលក៏ចេះតែនិយាយលើកពេលនេះពេលនោះមិនចេះចប់។ មានការលើកឡើងដែរថាមានយុវជនជាច្រើនបានចាញ់បោកផលិតកម្មខាងលើព្រោះតែបានដាក់ពាក្យរួចហើយប៉ុន្តែមិនមានឱកាសរៀនជំនាញទាំងនោះ ឬការចូលសម្តែងដូចការសន្យារបស់បុរសម្នាក់ដែលអះអាងថាខ្លួនជាចាងហ្វាងផលិតកម្មនោះទេ។ ប្រភពដដែលបានបន្តថាលោក ប្រភពដដែលលើកឡើងដែរថាមានអ្នកទៅដាក់ពាក្យជាច្រើនចង់ឃើញថ្នាក់រៀន និងស្ទីតយោសម្រាប់ការផលិតភាពយន្តឬបទចម្រៀង ប៉ុន្តែពួកគេមិនដែលបានឃើញនោះទេ។ មានការទម្លាយដែរថាយុវជនខ្លះត្រូវបានផលិតកម្មអូសទាញ ឲ្យបង់ប្រាក់រាប់រយដុល្លារឲ្យទៅ ផលិតកម្មដើម្បីបានចូលថតភាពយន្ត ឬឈុតផ្សព្វផ្សាយពាណិជ្ជកម្មដោយភាគីផលិតកម្មលើកឡើងថាអាចនឹងទទួលបានប្រាក់កម្រៃពីការថតប្រមាណ១៧០ដុល្លារអាមេរិកក្នុងមួយថ្ងៃ ប៉ុន្តែតម្រូវឲ្យខ្លួនធ្វើការកក់សម្លៀកបំពាក់បែបបុរាណចំនួន៤ឈុតដើម្បីថត៤ថ្ងៃជាប់ៗដែលក្នុងមួយឈុតត្រូវជួលក្នុងតម្លៃ៤០ដុល្លារអាមេរិកប៉ុន្តែដល់ថ្ងៃថតបែជាត្រូវខាងផលិតកម្មនោះលើកថ្ងៃថតពីមួយថ្ងៃទៅមួយថ្ងៃដែលពេលខ្លះលោកត្រូវទៅចាំជួបចាប់តាំងពីព្រឹកដល់ល្ងាចហើយមិនបានលទ្ធផល ខណៈទំនាក់ទំនងទៅកាន់បុរសជាថៅកែផលិតកម្មនោះក៏ចេះតែលើកពេលនិងបញ្ជាក់ថារវល់រហូត ទើបលោកនឹកសង្ស័យថាជាការគេចវេសមិនទទួលខុសត្រូវនិងជារឿងបោកប្រាស់ប៉ុណ្ណោះ។ពួកគេស្នើឲ្យក្រសួងមន្ត្រីពាក់ព័ន្ធធ្វើការស៊ើបអង្កេតជុំវិញករណីមិនប្រក្រតីមួយនេះដើម្បីបញ្ចៀសឲ្យយុវជនជៀសផុតពីការចាញ់បោកជនឆ្លៀតឱកាសនិងនាំឲ្យជះឥទ្ធិពលមិនល្អក្នុងសង្គមសិល្បៈ។

គួរបញ្ជាក់ដែរថាកន្លងទៅក៏មានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងផលិតករក្រោយពីផលិតកម្មឈ្មោះ DL នេះបានបង្ហាញគម្រោងនៃការផលិតរឿងដ៏ធំមួយ គឺរឿង «ប្រមាញ់ប្រវត្តិសាស្ត្រ»ដែលរឿងមួយនេះមានគម្រោងចាយទុនប្រមាណជាង១លានដុល្លារនិងមានការចូលរួមសម្តែងពីតារាភាពយន្ត និងចម្រៀងល្បីៗជាច្រើនរូប។ទោះជាយ៉ាងណាគម្រោងនេះត្រូវបានផលិតករ និងសិល្បករជាច្រើនលើកឡើងថាជាគម្រោងខ្យល់ និងជាការផលិតបែបធ្វើនំអត់ម្សៅប៉ុណ្ណោះប៉ុន្តែរូបភាពដែលគេសង្ស័យថាជាការក្លែងបន្លំនេះនៅតែមានដដែល៕

ដោយ ៖វឌ្ឍនា


ចែករំលែក៖