អន្តរជាតិ៖ បើយោងតាមការបង្ហើបរបស់សមាជិកព្រឹទ្ធសភាថៃ នៅថ្ងៃទី១៣ខែកញ្ញាថ្មីៗនេះ បានបញ្ជាក់ថា អាជ្ញាធរថៃ បានស្នើឲ្យថ្នាក់ដឹកនាំសាកលវិទ្យាល័យនានា ណែនាំក្រុមនិស្សិតឲ្យឈប់តវ៉ាទាមទារកំណែទម្រង់របបរាជានិយម។ ខណៈដែលក្រុមបាតុករជាយុវជនគ្រោងជួបជុំគ្នាធ្វើបាតុកម្មនៅថ្ងៃទី១៩ ខែកញ្ញាខាងមុខនេះ។ មិនតែប៉ុន្តែសមាជិកព្រឹទ្ធសភាថៃ ក៏បានព្រមានថា៖ ការទាមទារបែបនេះ នឹងបណ្តាលឲ្យមានហិង្សាកើតឡើង។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្តីសមាជិកព្រឹទ្ធសភាថៃ លោក Somchai Sawangkarn អះអាងថា លិខិតជាច្រើនច្បាប់ត្រូវបានបញ្ជូនទៅគណៈគ្រប់គ្រងសាកលវិទ្យាល័យ ដើម្បីជួបប្រជុំ មុននឹងការធ្វើបាតុកម្មតវ៉ារបស់ក្រុមនិស្សិតនៅថ្ងៃទី១៩ កញ្ញា។ បន្ថែមពីនេះលោកSomchai បានបញ្ជាក់ថា លិខិតខាងលើនេះ មិនមែនជាការហាមឃាត់បាតុកម្មឡើយ ប៉ុន្តែជាការជជែកគ្នាជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យជុំវិញការទាមទារទាំង១០ ចំណុចក្នុងការកែប្រែរបបរាជានិយម។
នៅក្នុងលិខិតខាងលើនេះ បានបញ្ជាក់ទៀតថា មានក្តីបារម្ភអំពីសកម្មភាពរបស់មនុស្សមួយចំនួនដែលចូលរួមក្នុងបាតុកម្ម ជាឧទាហរណ៍ការប៉ុនប៉ងផ្តួលរំលំរបបរាជានិយម ការលុបចោលមាត្រា១១២ ក្នុងក្រមព្រហ្មទណ្ឌថៃដែលផ្តន្ទាទោសដាក់គុកដល់ទៅ១៥ឆ្នាំ ដល់បុគ្គលដែលប្រមាថព្រះមហាក្សត្រ។ លិខិតខាងលើ សង្កត់ធ្ងន់ថា បញ្ហារសើបខាងលើអាចនឹងបណ្តាលឲ្យមានអំពើហិង្សា។
សូមជម្រាបថា ក្រុមយុវជន ក៏ដូចជានិស្សិតថៃ បាននាំគ្នាទាមទារឲ្យលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ទាមទារការបោះឆ្នោត និងបង្កើតរដ្ឋធម្មនុញ្ញថ្មី តាំងតែពីពាក់កណ្តាលខែកក្កដាមក ។ដោយក្រុមបាតុករ ក៏បានដាក់ចេញនូវការទាមទារចំនួន១០ចំណុច ក្នុងការធ្វើកំណែទម្រង់របបរាជានិយមផងដែរ។
ប្រភពព័ត៌មានដដែល បានដកស្រង់ពីអ្នកដែលចូលរួមក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរ ក៏បានបង្ហើបប្រាប់ថា អាជ្ញាធរក៏ បានសុំបញ្ជីឈ្មោះនិស្សិតដែលអាចនឹងបង្ករឿងនៅពេលបាតុកម្មពីសាកលវិទ្យាល័យផងដែរ។ ខណៈបាតុកម្មថ្ងៃទី១៩ ខែកញ្ញា ខាងមុខនេះ នឹងរៀបចំដោយមេដឹកនាំនៅសាកលវិទ្យាល័យ Thammasat ហើយអាចមានច្រើនជាងមួយម៉ឺននាក់ឯណោះ។
គួរបញ្ជាក់ថា ការទាមទារកំណែទម្រង់របបរាជានិយមពីសំណាក់បាតុករថៃរួមមាន៖ ការកាត់បន្ថយអំណាចព្រះមហាក្សត្រតាមរយៈរដ្ឋធម្មនុញ លើការគ្រប់គ្រងទ្រព្យសម្បត្តិ និងអង្គភាពកងទ័ពជាដើម។ ហើយការទាមទារនេះ ជាផ្នែកមួយនៃការទាមទាររបស់បាតុករថៃ ដែលក៏សំដៅផងដែរលើលោក ប្រាយុទ្ធ ។ ជាក់ស្តែងកាលពីថ្ងៃទី១៦ ខែសីហាកន្លងទៅ ក្រុមចលនាយុវជន និងនិស្សិតប្រឆាំងរដ្ឋាភិបាល និងប្រជាធិបតេយ្យនិយមដែលមានឈ្មោះថា Free People បានរៀបចំជួបជុំគ្នាធ្វើបាតុកម្មដ៏ធំបំផុតតាំងតែពីរដ្ឋប្រហារយោធាឆ្នាំ២០១៤ ដែលមានមនុស្សចូលរួមយ៉ាងតិច១ម៉ឺននាក់៕ដោយ៖ស តារា