ខេត្តស្ទឹងត្រែង៖ សាខា កក្រក ខេត្តស្ទឹងត្រែង៖ នៅថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោលស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោក ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខា បានអនុញ្ញាតឲ្យក្រុមប្រតិបត្តិកាកបាទក្រហមកម្ពុជាខេត្ត បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ និងជំងឺគ្រុនឈីក (CHIK) នៅវិទ្យាល័យព្រះគោ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
សាខាខេត្តបានចែកសាប៊ូ Protex របស់សាខាជូនដល់សាលាវិទ្យាល័យព្រះគោ ចំនួន២០ដុំ និងបានចែកម៉ាស់ចំនួន ១៥០សន្លឹក បិទPoster ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដល់ជញ្ជាំងថ្នាក់រៀន ចំនួន១៤សន្លឹក ដែលមានសិស្សចូលរួមចំនួន ៣៥នាក់ មានស្រី១៨នាក់ និងចែកប័ណ្ណប្រកាសស្តីពីរបៀបលាសម្អាតដៃជាមួយសាប៊ូនិងទឹកចំនួន៤០សន្លឹក ហេីយPoster ដែលសាខាបានទទួលបានពីកាកបាទក្រហមកម្ពុជា មានអត្ថន័យអប់រំដូចខាងក្រោម៖
១-លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល
២-ខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្តាស់ដោយប្រេីកែងដៃឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
៣-ជៀសវាងប៉ះពាល់ជិតស្និតធជាមួយអ្នកដែលមានគ្រុនក្តៅ ក្អក ឬផ្តាសាយ
៤-ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥-បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
៦-ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។
ឆ្លៀតក្នុងឱកាសនោះដែរ មន្រ្តីសាខា បានជួយជំរុញទឹកចិត្ត ដល់សិស្សក្នុងឆ្នាំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឲ្យមានការខិតខំយកចិត្តទុកដាក់ក្នុងការសិក្សាបន្ថែម ជាពិសេសថែសុខភាពឲ្យល្អ និងបានបញ្រ្ជាបការអប់រំផ្សព្វផ្សាយបន្ថែមអំពី វិធានការការការពារជំងឺគ្រុនឈាម និងគ្រុនឈីក ដោយការអនាម័យសំអាតបរិស្ថាន លប់ភក់ជ្រាំ បំផ្លាញជម្រកមូសខ្លាញី និងការទុកដាក់ទឹកផឹកឲ្យមានសុវត្តិភាពតាមគ្រួសារផងដែរ៕
ដោយ៖ សិលា