កម្លាំងប៉ូលិសប្រទេសក្រិចនៅថ្ងៃទី១៦ខែកញ្ញា បានចាប់ខ្លួនក្រុមជនទុច្ចរិតជាប់ពាក់ព័ន្ធការដុតជំរំជនភៀសខ្លួនMoria ដែលជាជំរំធំបំផុតនៅប្រទេសក្រិច និងជាជំរំធំបំផុតនៅក្នុងតំបន់អឺរ៉ុបផងដែរ។
ប៉ូលិសក្រិច បានចាប់ខ្លួនមនុស្ស៦នាក់ សង្ស័យជាប់ពាក់ព័ន្ធនឹងការដុតបំផ្លាញជំរំជនភៀសខ្លួន Moria នៅលើកោះ Lesbos ។ តាមការប្រកាសពីកម្លាំងប៉ូលិស បានឲ្យដឹងថា គ្រោះអគ្គិភ័យ បានបំផ្លាញជំរំជនភៀសខ្លួនធំបំផុតក្នុងប្រទេសក្រិច និងនៅតំបន់អឺរ៉ុប ទាំងមូល ។ ការដុតបំផ្លាញជំរំជនភៀសខ្លួននេះ គឺជាសកម្មភាពមានចេតនាពីក្រុមជនភៀសខ្លួនផ្ទាល់ ក្រោយការមិនពេញចិត្ត ទៅលើច្បាប់រឹតត្បិតនៅជំរំខាងលើ បន្ទាប់ពីរកឃើញករណីឆ្លងកូវីដ-១៩មក។
តាមសារព័ត៌មាន Aljazeera បានផ្សាយថា មានជនភៀសខ្លួនជាង១២ពាន់នាក់នៅក្នុងជំរំ Moria ភាគច្រើនមកពីប្រទេសអាហ្វហ្គានីស្ថាន ទ្វីបអាហ្វ្រិក និងស៊ីរី ត្រូវរស់នៅក្នុងភាពលំបាកបំផុត ក្រោយជំរំបានឆាបឆេះ។
ជាមួយគ្នានេះដែរ ក្រុមជនភៀសខ្លួនបាននាំគ្នាធ្វើបាតុកម្ម ទាមទារចាកចេញពីកោះ Lesbos ។ ក្រុមបាតុករបានលើកឡើងថាពួកគាត់រស់នៅក្នុងតង់ ប្រឈមនឹងទុក្ខលំបាកជាច្រើន ៕
ដោយ៖ធី រីណា