ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌាប្រឈមកង្វះ​បំពង់អុកស៊ីហ្សែនព្យាបាលជំងឺកូវីដ-១៩ ក្រោយមានអ្នកឆ្លងកើនឡើងជាង​៥លាននាក់​

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា ឥណ្ឌាមានករណីឆ្លងកូវីដ​-១៩ កើនឡើងជាង៥លាននាក់ហើយ មកដល់រសៀលថ្ងៃទី ១៦ ខែកញ្ញា នេះ។ ចំនួនអ្នកឆ្លងកើនឡើងធ្វើឲ្យមន្ទីរព្យាបាលនានាប្រឈមកង្វះ បំពង់អុកស៊ីហ្សែនសម្រាប់ព្យាបាលអ្នកជំងឺធ្ងន់ដែលត្រូវប្រើម៉ាស៊ីនជំនួយដង្ហើម។
មន្ទីរពេទ្យជាច្រើនត្រូវស្វែងរកប្រភពផ្គត់ផ្គង់បំពង់អុកស៊ីហ្សែនដែលគួរឲ្យទុកចិត្តនិងគ្រប់គ្រាន់ទាន់ពេលវេលាសម្រាប់មន្ទីរពេទ្យរបស់ខ្លួន។ បច្ចុប្បន្ន រដ្ឋធំៗជាច្រើននៅឥណ្ឌាដូចជារដ្ឋMaharashtra, Gujarat និង Uttar Pradesh ជាតំបន់មានករណីឆ្លងកូវីដ​-១៩ ច្រើនបំផុត ហើយតម្រូវការប្រើប្រាស់បំពង់អុកស៊ីហ្សែនជំនួយដង្ហើមកើនឡើងដល់ទៅ៣ដង​។ ក្រសួងសុខាភិបាលឥណ្ឌាបានអំពាវនាវឲ្យរួបរួមគ្នាជួយបំពេញតម្រូវការខ្វះខាត ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស។
សារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តី លោក Rishikhesh Patil ដែលជាអ្នកផ្គត់ផ្គង់អុកស៊ីហ្សែនដ៏ធំនៅទីក្រុង Nashik បានឲ្យដឹងថា «ក្រុមអ្នកជំងឺអស់សង្ឃឹម សាច់ញាតិទូរស័ព្ទមកខ្ញុំពេញមួយយប់​ ប៉ុន្តែ ខ្ញុំមិនមានអុកស៊ីហ្សែនផ្តល់ជូនឡើយ មិនដឹងថាពេលណា ទំនិញមកដល់នោះទេ»។
មកទល់ពេលនេះ មានអ្នកស្លាប់ដោយកូវីដ​-១៩​ក្នុងប្រទេសឥណ្ឌាកើនឡើងដល់ទៅ ជាង​៨២ពាន់នាក់ហើយ និងឆ្លងរាលដាលជាង ៥លាននាក់។ ឥណ្ឌាក្លាយជាប្រទេសដែលមានល្បឿននៃការឆ្លងកូវីដ​-១៩លឿនបំផុតលើពិភពលោក​។
បច្ចុប្បន្ន មានអ្នកជំងឺដល់ទៅ ​៦ភាគរយក្នុងចំណោមអ្នកជំងឺ ១លាននាក់ស្ថិតនៅក្នុងសភាពធ្ងន់ត្រូវការអុកស៊ីហ្សែនជំនួយដង្ហើមជាចាំបាច់។ នៅក្នុងរដ្ឋ​Uttar Pradesh ដែលជារដ្ឋមានពលរដ្ឋច្រើនបំផុតនៅក្នុងប្រទេសឥណ្ឌា ក៏តម្រូវការបំពង់អុកស៊ីហ្សែន កើនឡើងដល់ទៅ៥ពាន់បំពង់ ដែលពីមុនតម្រូវការតែ​១ពាន់បំពង់ប៉ុណ្ណោះ ៕ដោយ៖ធី រីណា


ចែករំលែក៖