ព័ត៌មានទាន់ហេតុការណ៍៖

ចិនធ្វើសមយុទ្ធព្រមានកោះតៃវ៉ាន់ «កុំសុបិនទាំងកណ្តាលថ្ងៃ»

ចែករំលែក៖

ចិនបានចាប់ផ្តើមធ្វើសមយុទ្ធនៅតំបន់សមុទ្រកោះតៃវ៉ាន់។ សកម្មភាពធ្វើសមយុទ្ធនេះកើតឡើងក្នុងពេលដែលមន្ត្រីជាន់ខ្ពស់អាមេរិកបានបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ដែលជាសញ្ញាបង្កឲ្យមានភាពតានតឹង។
កម្លាំងទាហានរំដោះប្រជាជនចិន (PLA) បានធ្វើសមយុទ្ធនៅតំបន់សមុទ្រកោះតៃវ៉ាន់ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ​។
អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឲ្យដឹងថា ការធ្វើសមយុទ្ធរបស់កម្លាំងទាហានជើងទឹកចិន​ស្របទៅតាម​ច្បាប់អន្តរជាតិ។ ជាមួយគ្នានោះចិនបានព្រមានកោះតៃវ៉ាន់ពីគម្រោងប្រកាសឯករាជ្យថា​«កុំដេកសុបិនទាំងកណ្តាលថ្ងៃ»។
ចិនបានបង្កើនសកម្មភាពយោធានៅតំបន់សមុទ្រ​ជាប់កោះតៃវ៉ាន់ ខណៈដែលមេដឹកនាំកោះតៃវ៉ាន់ បានអំពាវនាវដល់អាមេរិកនិងសម្ព័ន្ធមិត្តជួយលើផ្នែកយោធា និងកិច្ចការបរទេសដើម្បីឈានទៅរកការឯករាជ្យភាព។ ចំណែកទីក្រុងប៉េកាំង បានប្រកាសថា កោះតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ចិន មិនអាចកាត់ផ្តាច់បានឡើយ។
ការធ្វើសមយុទ្ធរបស់ចិនកើតឡើង ក្នុងពេលដែលរដ្ឋលេខាធិការក្រសួងការបរទេសទទួលបន្ទុកសេដ្ឋកិច្ច លោក Keith Krach បានបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ហើយជួបពិភាក្សាជាសម្ងាត់ជាមួយមន្ត្រីកោះតៃវ៉ាន់ ដោយមិនមានអ្នកសារព័ត៌មានចូលរួម ឬផ្សព្វផ្សាយនោះឡើយ៕ដោយ៖ធី រីណា


ចែករំលែក៖