ខេត្តពោធិ៍សាត់៖ បើយោងតាមប្រភពព័ត៍មានពីបណ្ដាញសង្គមហ្វេសប៊ុករបស់”តាលោសែនជ័យរីស៊ត” បានបង្ហោះអំពីស្នាដៃកូនខ្មែរម្នាក់គឺលោក យិន ចិន មានវ័យ៣២ឆ្នាំ ដែលជាអ្នកផលិតយន្តហោះដោយដៃ នឹងចំណាយប្រាក់១ម៉ឺន២ពាន់ដុល្លារ ដើម្បីដាក់តាំងក្នុងបរិវេណរីស៊តរបស់ខ្លួន ក្នុងការទាក់ទាញភ្ញៀវទេសចរមានការគាំទ្រ និងចាប់អារម្មណ៍ទៅកម្សាន្ត។ ដោយក្នុងរយៈពេលមួយថ្ងៃភ្ញៀវទេសចរជាង១០០នាក់ ចូលទៅកម្សាន្ត ។
បើតាមសម្តីលោក យិន ចិន បានឲ្យដឹងថា៖«តាមពិតទៅខ្ញុំគិតអញ្ចេះ! ធ្វើយន្តហោះហ្នឹងខ្ញុំគិតថា អ្នកណាក៏គេចេះធ្វើដែរ គ្រាន់តែធ្វើឈរចោលអត់ហោះចឹងហ៎ គ្រាន់តែគេអត់ចង់ធ្វើ។ តែខ្ញុំធ្វើនឹងដោយសារ ខ្ញុំគិតថាស្រុកខ្មែរមិនទាន់មានទេយន្តហោះ(ធ្វើដោយខ្លួនឯង) ហើយមួយទៀតបើទឹកដីពោធិ៍សាត់ដឹងតែអត់ម៉ង យន្តហោះពិតប្រាកដដឹងតែមិនមាន។ អ៊ីចឹងខ្ញុំចង់ធ្វើមួយឲ្យមានជារាងយន្តហោះឲ្យគេស្គាល់»។ លោក យិន ចិន បន្ថែមថា ការចំណាយប្រាក់ និងពេលវេលាក្នុងការធ្វើយន្តហោះមួយគ្រឿងនេះ ដើម្បីចង់ទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តកន្លែងរបស់ខ្លួន។ ក្រៅពីយន្តហោះ រីស៊តរបស់លោក ចិន ក៏មានសួនផ្កា និងអាងហែលទឹក សម្រាប់ភ្ញៀវទេសចរផងដែរ។ ប៉ុន្តែលោក មិនអាចបញ្ជាក់ពីចំណូលសរុបដែលលោកទទួលបាននោះឡើយ ដោយគ្រាន់តែបញ្ជាក់ថា៖«ភ្ញៀវទេសចរ ត្រូវទិញសំបុត្រចូល ម្នាក់១ដុល្លារ»។
សូមជម្រាបថា លោក យិន ចិន ជាម្ចាស់កន្លែងកម្សាន្តថ្មីមួយកន្លែងឈ្មោះថា «តាលោសែនជ័យរីស៊ត» ស្ថិតនៅខេត្តពោធិ៍សាត់។ រយៈពេលជិត២ខែហើយដែលទីតាំងកម្សាន្តរបស់លោក បើកដំណើរការ និងមានភ្ញៀវទេសចរមកកម្សាន្តច្រើនកុះករ។ ខណៈដែលយន្តហោះពណ៌ក្រហម ដាក់បញ្ឈរចោល ក្នុងបរិវេណរីស៊តរបស់លោក យិន ចិន មានកម្ពស់៤ម៉ែត្រ បណ្ដោយ២០ម៉ែត្រ និងទទឹង៣ម៉ែត្រ។ លោក យិន ចិន ចេះធ្វើយន្តហោះតាមរយៈយូធូប ដោយចំណាយពេលធ្វើ អស់ជាង១ខែ ។
មិនតែប៉ុណ្ណោះលោក យិន ចិន មានក្ដីស្រម៉ៃចង់ជិះយន្តហោះតាំងពីក្មេង។ ហើយលោកក៏ចង់ឲ្យអ្នកផ្សេង ពិសេសមនុស្សចាស់ ដែលគ្មានឱកាសទៅក្រៅប្រទេស បានជិះយន្តហោះផងនោះ ទើបសម្រេចបង្កើតយន្តហើយសិប្បនិម្មិតមួយនេះឡើង សម្រាប់ឱ្យពួកគេបានចុះទស្សនា និងអង្គុយលេង៕ដោយ៖ស តារា