ខេត្តតាកែវ៖ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នផង ព្រោះពេលនេះមានជនទុច្ចរិតបានប្រើល្បិចថ្មីមួយទៀត ហើយ ដោយបុរសម្នាក់បានបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ដើរទៅគោះទ្វារបន្ទប់ ភ្ញៀវសុំសោរថយន្តដើម្បីរៀបចំចំណត រួចក៏បើករថយន្តយកទៅបាត់តែម្តង ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងចន្លោះប្រហែល៩ដល់ម៉ោង១១យប់ ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ ថ្មីៗនេះ នៅចំណុចផ្ទះសំណាក់ «មហារុងរឿង» ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។
រថយន្តដែលបាត់ម៉ាក Rivo ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 2BK-4443 ជាកម្មសិទ្ធិរបស់ឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសុភី ឃុំកំពង់ស្វាយ ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាភ្ញៀវស្នាក់នៅផ្ទះសំណាក់ខាងលើ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាកើតហតុ មានជនសង្ស័យម្នាក់បានបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ ហើយបានទៅគោះទ្វារបន្ទប់ភ្ញៀវសុំយកសោឡានដោយប្រាបថាយកទៅរៀបចំទុកដាក់រថយន្តឲ្យមានសណ្ដាប់ធ្នាប់ ហើយក៏បើករថយន្តយកទៅបាត់តែម្ដងទៅ ។ លុះដល់វេលាម៉ោង២៣៖១០នាទី ទើបដឹងថាបាត់រថយន្ត នាំឱ្យមានការផ្អើលឆោឡោឡើង។
ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីឱ្យសមត្ថកិច្ចតាមចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ ដោយ៖ចេស្តា