ខេត្តពោធិ៍សាត់ ៖ នគរបាលជំនាញគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ប៉ុស្តិ៍នគរបាលរដ្ឋបាលលាច និងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ដឹកនាំដោយលោក វរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានចុះអនុវត្តដីកាសាលាដំបូងខេត្តពោធិ៍សាត់ និងបង្រ្កាបករណីគ្រឿងញៀន ដោយឃាត់ចាប់ខ្លួនជនសង្ស័យ៣នាក់ ដកហូតនូវវត្ថុតាង និងសម្ភារៈមួយចំនួន ។
ករណីអនុវត្តដីកា និងបង្រ្កាបបទល្មើសគ្រឿងញៀនខាងលើ ធ្វើឡើងនៅថ្ងៃសៅរ៍ ២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស .២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
នគរបាលស្រុកភ្នំក្រវាញដែលបានចុះអនុវត្តការងារនេះផ្ទាល់ប្រាប់ថា ជាលទ្ធផល ចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ១០៨ ខ.ខ/២០ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ចេញដោយលោក សុិន ពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ បង្គាប់ឲ្យនាំខ្លួនឈ្មោះ សេង គឹមសឿន ហៅសឿន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចោទពីបទរក្សាទុក និងប្រើបាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
ប្រភពព័ត៌មានដដែលបន្តថា ក្នុងនោះកម្លាំងបន្តបង្រ្កាប១ករណីទៀត ដោយឃាត់ចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ ទី-១ ឈ្មោះ សោម សំរេច ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ ទី-២ ឈ្មោះ កុយ កែម ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ។អ្នកទាំង២នាក់ បច្ចុប្បន្ន រស់នៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ និងទី-៣ ឈ្មោះ មឿន រិន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្នុងនោះដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២៤កញ្ចប់ ធំចំនួន៦កញ្ចប់ ស្មើនឹងទម្ងន់ចំនួន៦៤.៧៦ក្រាម ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន២គ្រឿង ថង់ប្លាស្ទិកមួយចំនួន ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយកំប្លេ ទូរស័ព្ទដៃចំនួន៧គ្រឿង ម៉ូតូចំនួន៤គ្រឿង ម៉ាស៊ីនត្រង់សុីន័រចំនួន២គ្រឿង ដាវចំនួន១ដើម អាំងសុីទ័រឆក់ត្រីចំនួន១គ្រឿង និងឈើចំនួន១១៣ដុំ ស្មើនឹងទម្ងន់ចំនួន២.៧៦០គីឡូក្រាម ។
ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យអនុវត្តដីកាបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់។ ចំណែកជនសង្ស័យចំនួន៣នាក់ រួមទាំងវត្ថុតាង និងសម្ភារ ត្រូវបានកសាងសំណុំឯកសារបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត ៕
ដោយ៖ បុឹម ពិន