ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ! ជំនន់ទឹកភ្លៀងកំពុងវាយប្រហារនៅក្រុងពោធិ៍សាត់ និងបន្តទៅស្រុកកណ្ដៀង ខណៈទឹកស្រកនៅស្រុកវាលវែង និងស្រុកភ្នំក្រវាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ តាមសេចក្តីរាយការណ៍នាព្រឹកថ្ងៃចន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០បានឱ្យដឹងថា ជំនន់ទឹកភ្លៀងកំពុងវាយប្រហារនៅក្រុងពោធិ៍សាត់ និងបន្តទៅជន់លិចនៅស្រុកកណ្ដៀង ខណៈទឹកស្រកនៅស្រុកវាលវែង និងនៅស្រុកភ្នំក្រវាញស្រកបន្តិចដែរហើយនោះ ។

 ប្រភពរាយការណ៍ដដែលបន្តទៀតថា ខណៈនេះកម្ពស់ទឹកស្ទឹងពោធិ៍សាត់នៅក្រុងពោធិ៍សាត់គឺ៥.៤៥ ម៉ែត្រ ហើយចំណុចប្រកាសអាសន្ន៥.០០ម៉ែត្រ ស្ទឹងក្រវាញ៦.០២ម៉ែត្រ ចំណុចប្រកាសអាសន្ន៦.០០ម៉ែត្រ ស្ទឹងវាលវែង៣.១៦ម៉ែត្រ ចំណុចប្រកាសអាសន្ន១០.០០ម៉ែត្រ ។

 ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ៈ នៅបន្តលិចនៅក្រុងពោធិ៍សាត់ និងបន្តទៅជន់លិចស្រុកកណ្ដៀង ខណៈទឹកកំពុងបោះពួយចូលបឹងទន្លេសាប ប៉ុន្តែស្ទឹងក្រវាញស្រកបន្តិចហើយ។ ចំពោះនៅស្រុកវាលវែងក៏ពុំទាន់ឃើញធ្លាក់ភ្លៀងទៀតដែរ គ្រាន់តែរងការខូចខាតទ្រព្យសម្បត្តិសាធារណៈ ដូចជាផ្លូវថ្នល់ និងស្ពាន សម្ភារខ្លះៗ។ល។ ករណីជំនន់ទឹកភ្លៀងជន់លិចស្ទឹងទន្លេខាងលើ គឺមានការយកចិត្តទុកដាក់ពីអាជ្ញាធរមានសមត្ថកិច្ច ពិសេសលោកអភិបាលខេត្តបានចុះដឹកនាំជាប្រចាំ ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖