អន្តរជាតិ៖នាយករដ្ឋមន្ត្រីថ្មីជប៉ុនលោកYoshihide Suga និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានជួបពិភាក្សាគ្នាតាមទូរស័ព្ទស្តីពីទំនាក់ទំនងទ្វេភាគី ការរឹតបន្តឹងចំណងមិត្តភាព ក៏ដូចជាបញ្ហាឥណ្ឌា និងសមុទ្រប៉ាស៊ីហ្វិក។
សារព័ត៌មាន Japan Today បានផ្សាយថា នាយករដ្ឋមន្ត្រីថ្មីជប៉ុន លោកYoshihide Suga កាលពីថ្ងៃទី២០ខែកញ្ញាបានជួបពិភាក្សាជាមួយប្រធានាធិបតីដូណាល់ ត្រាំ ក្នុងរយៈពេល ២៥នាទី។
នៅក្នុងសេចក្តីប្រកាសរបស់សេតវិមានអាមេរិក បានបញ្ជាក់ថា«មេដឹកនាំប្រទេសទាំងពីរបានពិភាក្សាគ្នាស្តីពីចក្ខុវិស័យនៅមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ពិសេសគឺសេរីភាពចរាចរណ៍។ ក្រៅពីនេះមេដឹកនាំទាំងពីរក៏បានបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចផងដែរ »។
ទន្ទឹមនឹងនោះ លោក Suga បានប្រកាសនៅក្នុងសន្និសីទកាសែត ក្រោយកិច្ចពិភាក្សាតាមទូរស័ព្ទថា ប្រទេសទាំងពីរបានសន្យាសហការគ្នាទប់ស្កាត់ការឆ្លងកូវីដ-១៩ ក៏ដូចជាកម្មវិធីបរមាណូរបស់កូរ៉េខាងជើង។
នាយករដ្ឋមន្ត្រី Suga បានបញ្ជាក់ថា« ខ្ញុំសូមបញ្ជាក់ទៅកាន់មេដឹកនាំអាមេរិកថា សម្ពន្ធមិត្តអាមេរិកនិងជប៉ុន គឺជាមូលដ្ឋានគ្រឹះនៅក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ និងលើពិភពលោក»។
សារព័ត៌មាន Japan Todayបានផ្សាយថា ទីប្រឹក្សាសន្តិសុខជាតិជប៉ុន លោក Shigeru Kitamura នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ ដើម្បីជួបពិភាក្សាជាមួយសមភាគីអាមេរិក លោកRobert O’Brien ស្តីពីបញ្ហាសន្តិសុខ៕ដោយ៖ធី រីណា