ព័ត៌មានទាន់ហេតុការណ៍៖

Juventus ចាប់ផ្តើមជ័យជម្នះលើកដំបូងក្រោមការដឹកនាំគ្រូបង្វឹកថ្មីលោកPirlo ខណៈហង្សក្រហមLiverpool បន្តឈ្នះ

ចែករំលែក៖

ក្រុមតំណែងជើងឯក Juventus នៅអុីតាលី Serie A ទទួលបានជ័យជម្នះសម្រាប់ថ្ងៃបើកឆាករដូវកាលថ្មី២០២០-២០២១ ក្រោមការដឹកនាំលោកAndrea Pirlo ទៅលើក្រុម Sampdoria ក្នុងលទ្ធផល ៣ទល់០ កាលពីយប់ថ្ងៃអាទិត្យ។

ចំណាយពេលតែ១៣នាទីកីឡាករ Dejan Kulusevski បានរកគ្រាប់បាល់ដំបូងជួយឲ្យក្រុម Juventus នាំមុខក្រុមភ្ញៀវ Sampdoria នៅតង់ទី១។ ចូលដល់តង់ទី២កីឡាករ Leandro Bonucci បានបន្ថែមមួយគ្រាប់ទៀតនៅនាទីទី៧៨ ហើយនៅនាទីទី៨៨ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo រកបាន១គ្រាប់បន្ថែមទៀត ធ្វើឲ្យក្រុម Juventus យកឈ្នះក្រុម Sampdoria ក្នុងលទ្ធផល៣ទល់០។

លទ្ធផលនេះមានន័យថា ក្រុមសេះបង្កង់ Juventus ចាប់ផ្ដើមរដូវកាលនេះនៅចំណាត់ថ្នាក់លេខ២តាមពីក្រោយក្រុម Genoa ដែលបានយកឈ្នះ ៤-១ លើក្រុម Crotone កាលពីថ្ងៃអាទិត្យដូចគ្នា។

ចំណែកក្រុមការពារតំណែងជើងឯកលីគកំពូលអង់គ្លេស​ Premier League ហង្សក្រហម Liverpool បានយកឈ្នះក្រុមម្ចាស់ផ្ទះតោខៀវ Chelsea ក្នុងលទ្ធផល២ទល់០។ ២គ្រាប់របស់ក្រុមហង្សក្រហមរកបានដោយកីឡាករសញ្ជាតិសេនេហ្គាល់ Sadio Mané ម្នាក់ឯងនៅនាទីទី៥០ និងនាទីទី៥៤ ក្នុងតង់ទី២។ លទ្ធផលនេះធ្វើឲ្យក្រុមរបស់លោក JugenKlopp ឈ្នះ២ប្រកួតជាប់ៗគ្នាទទួលបាន៦ពិន្ទុសម្រាប់ដើមរដូវកាលថ្មីនេះ

ដោយ៖ភារៈ


ចែករំលែក៖