ព័ត៌មានទាន់ហេតុការណ៍៖

ប្រសិនបើមនុស្ស នៅតែមិនព្រមកាត់បន្ថយការបំពុលបរិយាកាសផែនដីនោះទេ នីវ៉ូទឹកសមុទ្រនឹងកើនឡើង ៣៨សង់ទីម៉ែត្រទៀតនៅឆ្នាំ២១០០

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បានធ្វើការសិក្សារកឃើញថា នីវ៉ូទឹកសមុទ្រនឹងកើនឡើងរហូតដល់ទៅ៣៨សង់ទីម៉ែត្រ នៅឆ្នាំ២១០០ ប្រសិនបើមនុស្សនៅលើផែនដី មិនព្រមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (ការបំពុលបរិយាកាសផែនដីគ្រប់សកម្មភាព) ហើយនៅតែបន្តបំផ្លិចបំផ្លាញបរិយាកាសផែនដី កាន់តែធ្ងន់ធ្ងរឡើងៗដូចបច្ចុប្បន្ននេះទឹកកកនៅតំបន់ប៉ូលទាំងពីរ នឹងបន្តរលាយកាន់តែខ្លាំង

បើតាមការចេញផ្សាយដោយសារព័ត៌មាន Space.com នាព្រឹកថ្ងៃចន្ទទី២១ ខែកញ្ញា ឆ្នាំ២០២០នេះថា ការសិក្សានេះក៏មិនមែនជារឿងថ្មីនោះដែរព្រោះប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ការសិក្សាអំពីការកើនឡើងកម្តៅផែនដីមានសភាពកាន់តែផុសផុលឡើង រហូតដល់ពិភពលោក ឈានទៅសម្រេចបាន «កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីទប់ទល់បម្រែបម្រួលបរិយាកាសផែនដីឆ្នាំ២០១៥» ដើម្បីស្តារស្ថានការណ៍ឡើងវិញ។ ប៉ុន្តែជាអកុសលនៅឆ្នាំ២០១៨ តួអង្គសំខាន់បំផុតក្នុងរឿងនេះ និងជាអ្នកដែលបំផ្លាញបរិយាកាសផែនដី ធំបំផុតលើលោកផងដែរគឺសហរដ្ឋអាមេរិក បែរជាបានប្រកាសដកខ្លួនចេញ ពីកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះទៅវិញ ដែលបានធ្វើឲ្យពិភពលោកទាំងមូល កាន់តែព្រួយបារម្ភទ្វេឡើង អំពីអនាគតរបស់ភពផែនដី និងមនុស្សជំនាន់ក្រោយ។

ជាការពិតមិនអាចប្រកែកបាន ឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញដោយសកម្មភាពមនុស្សជារៀងរាល់វិនាទី ដូចជាកាបូនឌីអុកស៊ីតជាដើម សុទ្ធតែកំពុងចូលរួមចំណែក ជម្រុញបរិយាកាសផែនដីឲ្យកើនឡើងកម្តៅ។ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ដែលធ្វើការសិក្សាទៅលើតំបន់ប៉ូលខាងជើង, ផ្ទាំងទឹកកកជុំវិញកោះហ្គ្រីនលែនដ៍ (Greenland) និងបណ្តុំទឹកកកនៅទ្វីបអង់តាក់ទិច (ប៉ូលខាងត្បូង) សុទ្ធសឹងតែបានមើលឃើញតំបន់ទាំងនោះទទួលរងបាតុភូតរលាយទឹកកកយ៉ាងគំហុក ដែលជាការរួមចំណែកធ្វើឲ្យនីវ៉ូទឹកសមុទ្រកើនឡើង។

សូមជម្រាបថា ជុំវិញបញ្ហានេះ លោកស្រី សូហ្វី ណូវីកគី (Sophie Nowicki) នៃវិទ្យាស្ថានហ្គដដាដ (Goddard Space Flight) ស្ថិតក្នុងរដ្ឋម៉ារីលែនដ៍ (Maryland) សហរដ្ឋអាមេរិក ជាអ្នកវិទ្យាសាស្ត្រដែលដឹកនាំការស្រាវជ្រាវនេះ បានលើកឡើងថា «ភាពមិនប្រាកដប្រជាដ៏ធំបំផុតមួយនៅពេលនិយាយអំពីកម្រិតទឹកសមុទ្រ ដែលនឹងកើនឡើងនាពេលអនាគតនោះគឺ តើការរលាយផ្ទាំងទឹកកក នឹងធ្វើឲ្យនីវ៉ូទឹកសមុទ្រកើនឡើងដូចម្តេចទៀត? ចំនួនផ្ទាំងទឹកកកដែលនឹងរលាយ គឺពិតជាអាស្រ័យលើអាកាសធាតុប្រែប្រួលក្នុងកម្រិតណា…»

អ្នកវិទ្យាសាស្ត្ររូបនេះបន្ថែមថា ដូចដែលយើងបានដឹងលឺព័ត៌មាន ដែលត្រូវបានចុះផ្សាយជាច្រើនរួចមកហើយ អំពីវិបត្តិ ដែលនឹងបង្កឡើងដោយនីវ៉ូទឹកសមុទ្រកើនឡើងខ្ពស់ នោះគឺទីក្រុងជាប់ឆ្នេរសមុទ្រមួយចំនួន ជាពិសេសនៅទ្វីបអាស៊ី និងអឺរ៉ុប នឹងត្រូវទឹកសមុទ្រជន់លិចជាអចិន្ត្រៃយ៍តែម្តង ខណៈខ្លះទៀតនឹងត្រូវលិច នៅពេលមានភ្លៀងធ្លាក់ខ្លាំង ព្យុះ ឬនៅពេលទឹកជោរ។

មិនត្រឹមតែនីវ៉ូទឹកសមុទ្រនឹងកើនឡើងថែមទៀតនោះឡើយ ការប្រែប្រួលបរិយាកាសផែនដី នឹងធ្វើឲ្យគ្រោះរាំងស្ងួតកាន់តែអាក្រក់, ភ្លៀងធ្លាក់មិនទៀងទាត់ ឬក្សត់ទឹកភ្លៀង, ព្យុះកាន់តែសាហាវៗកើតមានលើផែនដី និងរលកកម្តៅកើនឡើងកាន់តែខ្លាំង ដែលនឹងធ្វើឲ្យជីវិតមនុស្សលើផែនដីរស់នៅតែកាន់តែលំបាកវេទនា៕ដោយ៖ស តារា


ចែករំលែក៖